ព័ត៌មានបច្ចេកវិទ្យា

ភ្ញៀវបុកទៅប្តូរខ្លាំងពេក ឥឡូវ Apple ប្រកាសថ្ម iPhone ខ្លះដាច់ស្តុក និងត្រូវពន្យាពេលរហូតដល់ចុងខែមិនា

ក្រោយពីក្រុមហ៊ុនប្រកាសបញ្ចុះតម្លៃប្តូរថ្មថ្មីសម្រាប់ iPhone ដែលខ្លួនបានបន្ថយល្បឿនដំណើរការរបស់វាទៅ​តាម​អាយុកាលថ្មដោយចេតនារួមមក អតិថិជនជាច្រើនបានសម្រុកយកទូរសព្ទដៃរបស់ខ្លួនទៅឱ្យក្រុមហ៊ុនប្តូរថ្មថ្មីឱ្យ ក្នុងនោះ អ្នកប្រើប្រាស់ iPhone 6 Plus គឺមានចំនួនច្រើនជាងគេ។

ម្លោះហើយទើប ថ្ម iPhone ម៉ូឌែលអេក្រង់ធំផលិតក្នុងឆ្នាំ ២០១៤ នេះ ត្រូវបានក្រុមហ៊ុនប្រកាសថាដាច់ស្តុក និងត្រូវពន្យាពេលរហូតដល់ខែចុងមិនា ឬដើមមេសា។ នេះបើយោងតាមប្រភពព័ត៌មានពី MacRumors ចុះផ្សាយថ្ងៃម្សិលមិញ។

ជាមួយគ្នានោះដែរ សម្រាប់ iPhone 6 និង 6s Plus អតិថិជននឹងត្រូវរង់ចាំរយ:ពេលប្រហែលពីរសប្តាហ៍ ហើយសម្រាប់ iPhone 6s, 7, 7 Plus, និង SE គឺគេពុំទទួលបានដំណឹងថាមានការពន្យាពេលអ្វីនោះទេ។

គួររំឭកថា ក្រុមហ៊ុន Apple បានចាប់ផ្តើមផ្តល់តម្លៃពិសេសត្រឹម ២៩ ដុល្លារ ខណ:តម្លៃធម្មតា ៧៩ ដុល្លារ សម្រាប់ការប្តូរថ្មថ្មីរបស់ iPhone ចាប់ពីម៉ូឌែល 6 ឡើង នៅក្នុងខែធ្នូ ដែលវាគឺជាដំណោះស្រាយមួយរបស់ក្រុមហ៊ុនក្នុងការលួងចិត្តអតិថិជន បន្ទាប់ពួកគេខ្លះខឹងសម្បារចំពោះទង្វើបស់ក្រុមហ៊ុនដែលបានពន្យឺតដំណើរការម៉ាស៊ីនទូរសព្ទរបស់ពួកគេតាមរយ:កំណែ iOS ជំនាន់ថ្មី។

សម្រាប់អ្នកប្រើប្រាស់ iPhone នៅក្នុងប្រទេសកម្ពុជា បើចង់ប្តូរថ្ម iPhone ថ្មី អាចទាក់ទងផ្ទាល់ទៅកាន់ក្រុមហ៊ុន ឬហាង Apple ដែលមានអាជ្ញាបណ្ណ ដើម្បីសាកសួរព័ត៌មានអំពីការផ្តល់ជូនពិសេសនេះ៕

អានបន្ថែម៖  Apple អាចនឹងបាត់បង់អតិថិជន ១៣០ លាននាក់ ដោយសារកម្មវិធីបញ្ចុះតម្លៃថ្ម iPhone មកត្រឹម ២៩ ដុល្លារ

Apple ប្រកាសប្តូរថ្ម iPhone តម្លៃត្រឹម ២៩ ដុល្លារ ចាប់ពីថ្ងៃនេះ

មតិយោបល់