ព័ត៌មានបច្ចេកវិទ្យា

Samsung ត្រូវតុលាការចិន រកឃើញរំលោភប៉ាតង់បច្ចេកវិទ្យា 4G កាន់កប់ដោយ Huawei

តុលាការមួយនៅក្នុងប្រទេសចិន បានចេញសេចក្តីបង្គាប់នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ ឱ្យក្រុមហ៊ុន Samsung បញ្ឈប់ការរំលោភទៅលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Huawei។ នេះបើយោងតាមប្រភពព័ត៌មានពី Xinhuanet ចុះផ្សាយនៅថ្ងៃទី ១១ មករា ២០១៨។

ប្រភពដដែលបានឱ្យដឹងថា តុលាការប្រជាជនជាន់ខ្ពស់ខែត្រ Shenzhen បាននិយាយថា ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េ Samsung គួរតែដកសកម្មភាពទាំង​ឡាយ​ណាដែលបំពានប៉ាតង់ស្តង់ដា 4G ពីរ ដែលប្រើប្រាស់នៅក្នុងបរិក្ខារ និងបច្ចេកវិទ្យាទូរគមនាគមន៍ របស់ក្រុមហ៊ុន Huawei។

គួររំឭកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន កាលពីខែឧសភា ឆ្នាំ​​ ២០១៦​ បានដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េ នៅក្នុងទឹកដីរបស់ខ្លយន ពី​បទរំលោភទៅលើប៉ាតង់មួយចំនួនរបស់ខ្លួន ដើម្បីទារសំណងខូចខាតផ្សេងៗ។

បន្ទាប់មក តុលាការបាននិយាយថា Huawei គឺជាម្ចាស់ប៉ាតង់បច្ចេកវិទ្យា 4G ចំនួនពីរ ហើយ Samsung បានបំពានលើកម្មសិទ្ទិប៉ាតង់ទាំងនោះ។

តុលាការដដែល ក៏រកឃើញផងដែរថា Samsung បានពន្យាពេលចរចា ដែលនេះអាចដោយសារក្រុមហ៊ុនដឹងថា ខ្លួនបានរំលោភលើប៉ាតង់ដែល Huawei ជាម្ចាស់កម្មសិទ្ធិ។

តុលាការក៏បាននិយាយដែរថា ករណីបណ្តឹងកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនទាំងពីរ គឺជាករណីស្មុគស្មាញបំផុតមួយក្នុងពិភពលោក ខណ:ការជំនុំជម្រះបានអូសបន្លាយពេល​រហូតដល់ ១៨ ថ្ងៃ៕

 

មតិយោបល់