ព័ត៌មានបច្ចេកវិទ្យា

Samsung យកគំរូ Galaxy X អេក្រង់បត់ ៧.៣ អីុញ ទៅកាន់ពិព័រណ៍ CES នៅ Las Vegas

យោងតាមប្រភពព័ត៌មានពី Korean Herald បានឱ្យដឹងថា ក្រុមហ៊ុន Samsung បានយកស្មាតហ្វូនបំពាក់អេក្រង់អាចបត់ចុះឡើងបានទៅកាន់កម្ម​វិធីពិព័រណ៍ CES 2018 ដែលប្រព្រឹត្តិទៅនាទីក្រុង Las Vegas សហរដ្ឋអាមេរិក ប៉ុន្តែ មិនបានបង្ហាញឱ្យសារធារណជនបានឃើញនោះទេ គឺក្រុមហ៊ុនបានបង្ហាញទៅដល់តែដៃគូសំខាន់ៗតែប៉ុណ្ណោះ។

ប្រភពដដែលបន្ថែមថា ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េ ក៏ធ្លាប់យកគំរូស្មាត​ហ្វូនប្រភេទនេះ ទៅកាន់ពិព័រណ៍ CES ឆ្នាំមុនដែរ ប៉ុន្តែ ពេលនេះរចនាបទរបស់វា គឺមើលទៅជិតសម្រេចចុងក្រោយហើយ ដែលយ៉ោងយោចណាស់ក៏លើផ្នែក Hardware ដែរ ហើយវាត្រៀមខ្លួនរួចជាស្រេចក្នុងការផលិតចេញទ្រង់ទ្រាយធំក្នុងខែវិច្ឆិកា ខាងមុខទៀតផង។

បន្ថែមពីលើនេះ ក្រុមហ៊ុនបានបង្ហាញគំរូ Galaxy X ពីរម៉ូដ ដោយមួយបំពាក់អេក្រង់បត់ចេញក្រៅ ឯមួយទៀតបំពាក់អេក្រង់បត់ចូលក្នុង។ ប៉ុន្តែ ម៉ូឌែលបត់អេក្រង់ចូលក្នុងនឹងចេញមុន ឯម៉ូឌែលបត់អេក្រង់ចេញក្រៅ Samsung នឹងទុកសម្រាប់ជំនាន់បន្ទាប់ ដោយសារតែផ្នែកកំណោងនៃអេក្រង់មានកម្រិតខ្ពស់ជាង។

ប្រភពដដែលបានគូសបញ្ជាក់ថា Galaxy X នោះបំពាក់អេក្រង់ទំហំ ៧.៣ អីុញ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទស្សនាវីដេអូបានកាន់តែត្រជាក់ភ្នែក ហើយម្យ៉ាងទៀត គឺងាយស្រួលទុកដាក់ក្នុងហោប៉ៅ ដោយមិនបារម្ភខ្លាចដើរបុកប៉ះនឹងវត្ថុរឹងនាំឱ្យបែក៕

ប្រភពព័ត៌មាន: Korea Herald

 

មតិយោបល់