ព័ត៌មានបច្ចេកវិទ្យា

ការសិក្សាថ្មីៈ ជិះឡានអគ្គិសនី ចំណាយតិចជាងឡានសាំងជាងពាក់កណ្តាល

យោងតាមការសិក្សាថ្មីមួយចេញផ្សាយដោយសកលវិទ្យាល័យ Michigan បានរកឃើញថា ការចំណាយទៅលើការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី គឺអស់តិចជាងការប្រើប្រាស់រថយន្តដើរដោយថាមពលប្រេងឥន្ទន: ដល់ទៅជាងពាក់កណ្តាល នៅក្នុងសហរដ្ឋអាមេរិក។

ការសិក្សារកឃើញថា ដើម្បីដំណើរការរថយន្តអាគុយមួយនៅក្នុងសហរដ្ឋអាមេរិក ជាមធ្យមគេត្រូវការចំណាយលុយអស់ ៤៨៥ ដុល្លារ/ឆ្នាំ ខណ:រថយន្តសាំងត្រូវការ ១,១១៧ ដុល្លារ/ឆ្នាំ។ នេះបើយោងតាមការសិក្សាធ្វើឡើងដោយលោក Michael Sivak និង Brandon Schoettle មកពីវិទ្យាស្ថានស្រាវជ្រាវការដឹកជញ្ជូននៃរដ្ឋ Michigan។

ការសិក្សាដដែលបានរកឃើញទៀតថា ការចំណាយទៅលើថ្លៃជួសជុល និងថែរក្សារថយន្តអគ្គិសនី ក៏ទាបជាងរថយន្តសាំងផងដែរ ដោយសារតែវាប្រើប្រាស់សមាសធាតុផ្សំសម្រាប់បម្លាស់ទីតិចជាង ពោលគឺ វាគ្មានប្រព័ន្ធស៊ីមាំង និងមិនត្រូវការប្តូរប្រេងម៉ាស៊ីន តម្រងខ្យល់ ឬក្បាលប៊ូហ្ស៊ីអ្វីឡើយ៕

គួររំឭកថា ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ ក្រុមហ៊ុនផលិតរថយន្តធំៗជុំវិញពិភពលោក បាននិងកំពុងអភិវឌ្ឍ និងផលិតចេញរថយន្តដើរដោយថាមពលអគ្គីសនី ឬអាគុយ កាន់តែច្រើនឡើងៗ ហើយប៉ុន្មានឆ្នាំខាងមុខ វត្តមានរថយន្តប្រភេទនោះ នឹងចេញតាមដងផ្លូវកាន់តែច្រើនឡើងៗជាមិនខាន៕

អានបន្ថែម៖VW នឹងចាយ ៤០$ ពាន់លាន លើបច្ចេកវិទ្យារថយន្តអាគុយសម្រាប់ ៥ ឆ្នាំបន្ទាប់

Jaguar នឹងបញ្ចេញរថយន្តអគ្គិសនីប្រណិតដំបូងបង្អស់របស់ខ្លួន ប្រជែងជាមួយ Model X របស់ Tesla នៅឆ្នាំ ២០១៨

ប្រភពព័ត៌មាន: forbes

មតិយោបល់