Post News Media ព័ត៌មានបច្ចេកវិទ្យា ផ្អើលមួយក្តាំ...

ផ្អើលមួយក្តាំងនៅជប៉ុន ពីសារព្រមានបាញ់ម៉ីសីលកូរ៉េខាងជើងផ្ញើចូលទូរសព្ទដៃច្រឡំ

ប្រជាជនជប៉ុនជាច្រើន​នាក់ដែលកំពុងទទួលទានអាហារពេលល្ងាចកាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ បានរងការរំខានពីសារព្រមានវាយប្រហារដោយម៉ីសីលរបស់កូរ៉េខាងជើង ផ្ញើចូលទូរសព្ទដៃរបស់ពួកគេ។ ប៉ុន្តែ សារព្រមានពីក្រុមហ៊ុនផ្តល់សេវាទូរសព្ទចល័តរបស់ជាតិនោះ គឺត្រូវបានផ្ញើចេញដោយច្រឡំ។

គួររំឭកផងដែរថា កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ក៏មានករណីផ្ញើសារព្រមានពីការវាយប្រហារដោយម៉ីសីលដោយច្រឡំស្រដៀងគ្នានេះផងដែរ ហើយដែលធ្វើឱ្យពលរដ្ឋនៃដែនកោះកណ្តាលមហាសាគរប៉ាស៊ីហ្វិក ផ្អើលឆោឡោមិនតិចនោះទេ។

ក្រោយពីសារនោះផ្ញើចេញបាន ១០ នាទី ក្រុមហ៊ុនបណ្តាញទូរសព្ទ NHK នោះ បានចេញមុខប្រកាសតាមទូរទស្សន៍ថា កូរ៉េខាងជើងមិនបានបាញ់ម៉ីសីលណាមួយសម្តៅមកកាន់ប្រទេសជប៉ុននោះទេ ហើយថាសារនោះបានផ្ញើទៅគ្រប់ទូរសព្ទដៃដែលមានដំឡើងកម្មវិធី NHK និងបានផ្ញើចេញដោយការភាន់ច្រឡំ។

ទាក់ទងនឹងបញ្ហានេះ គេពុំទទួលបានរបាយការណ៍ថាមានការភ័យស្លន់ស្លោដូចករណីនៅហាវៃនោះទេ។ អ្នកនាំពាក្យទូរទស្សន៍ NHK បានចេញមុខសុំការអភ័យទោសចំពោះកំហុសឆ្គងបុគ្គលិករបស់ខ្លួន ដែលបានចុចបញ្ជាឧបករណ៍ផ្តល់ដំណឹងតាមប្រព័ន្ធអិុនធើណែតដោយច្រឡំ។

គួរបញ្ជាក់ថា សារព្រមាននោះផ្ញើចេញនៅម៉ោង ៦ និង ៥៥ នាទីល្ងាច ម៉ោងក្នុងតំបន់ ដោយប្រកាសប្រាប់ប្រជាជនថា “កូរ៉េខាងជើងទំនងជានឹងបាញ់បង្ហោះ​ម៉ីសីល…រដ្ឋាភិបាលជំរុញឱ្យប្រជាជនស្វែងរកទីជម្រកសុវត្ថិភាពក្នុងអគារ ឬក្រោមដី៕

ប្រភពព័ត៌មាន: digitaltrends

Loading...