ព័ត៌មានបច្ចេកវិទ្យា

អ្នករកលុយតាម YouTube អាចនឹងធ្លាក់ចំណូល ដោយសារគោលការណ៍ថ្មីពី Google

បន្ទាប់ពីផ្ទុះរឿងអាស្រូវដ៏កក្រើកមួយរបស់តារា YouTube ដ៏ល្បីល្បាញឈ្មោះ Logal Paul ដែលមានចំនួន Subscriber រហូតដល់ ១៥ លានរួចមក ក្រុមហ៊ុន Google បានដាក់ចេញនូវគោលការណ៍ថ្មីមួយ សម្រាប់កម្មវិធីបណ្តាញសង្គមវីដេអូរបស់ខ្លួន និងដែលអាចធ្វើឱ្យអ្នកបង្កើតវីដេអូមួយចំនួនធ្លាក់ចុះកម្រៃបានមកពីពាណិជ្ជកម្មលើវីដេអូរបស់ពួកគេ។

តាមរយ:គោលការណ៍ថ្មីនោះ ក្រុមហ៊ុន Google នឹងប្រើប្រាស់មនុស្សត្រួតពិនិត្យដោយផ្ទាល់ទៅលើមាតិកាវីដេអូល្បីៗដែលបង្ហោះផ្សាយតាមបណ្តាញ YouTube ហើយបើមាតិកានោះបំពេញតាមលក្ខន្តិក:នៃ Ad-Friendly Guideline ថ្មីរបស់ខ្លួន ក្រុមហ៊ុននឹងចេញសញ្ញាសម្គាល់គ្រីសមួយដែលមានឈ្មោះថា Google Preferred ហើយពាណិជ្ជកម្មនឹងអាចដំណើរការតែទៅលើវីដេអូណាដែលមានសញ្ញានោះប៉ុណ្ណោះ។

ម្យ៉ាងទៀត បណ្តាក្រុមហ៊ុនផ្សព្វផ្សាយនានា អាចជ្រើសរើសដាក់ពាណិជ្ជកម្មរបស់ខ្លួនតែនៅលើបណ្តាញវីដេអូណាដែលមានសញ្ញា Google Preferred បានផងដែរ។

ដោយឡែក ពីមុនមកអ្នកបង្កើតវីដេអូបង្ហោះអាចចូលរួមជាមួយ YouTube Partner Program (YPP) ដើម្បីទទួលបានការដាក់បញ្ចូលពាណិជ្ជកម្មនៅលើវីដេអូរបស់ពួកគេ ប្រសិនបើពួកគេមានចំនួនអ្នកមើលលើសពី ១០,០០០ នាក់។ ប៉ុន្តែ ឥឡូវ ពួកគេនឹងចាំបាច់ត្រូវមានចំនួន Subscriber ដល់ ១០០០ នាក់ នៅលើបណ្តាញរបស់ខ្លួន និងវីដេអូរបស់ពួកគេ មានអ្នកមើលក្នុងរយ:ពេលសរុប ៤,០០០ ម៉ោង គិតត្រឹម ១២ ខែចុងក្រោយ។

យោងតាមការឱ្យដឹងពីក្រុមហ៊ុន ដំណើរការពិនិត្យមាតិកាវីដេអូលើបណ្តាញ YouTube ល្បីៗ ដើម្បីចេញសញ្ញា Google Preferred នឹងរួចរាល់នៅពាក់កណ្តាលខែកុម្ភ: គិតក្នុងសហរដ្ឋអាមេរិក ហើយសម្រាប់ប្រទេសដទៃផ្សេងទៀត នឹងបញ្ចប់នៅបណ្តាច់ខែមិនា។

គួររំឭកថា ក្រុមហ៊ុន Google បានជួលបុគ្គលិកសម្រាប់ត្រួតពិនិត្យខ្លឹមសាររូបភាព-វីដេអូរាប់ពាន់នាក់បន្ថែម បន្ទាប់ពីរូបភាពវីដេអូដែលខ្វះក្រមសីលធម៌ត្រូវបានដាក់បង្ហោះកាន់តែច្រើនឡើងៗនៅលើបណ្តាញ YouTube ជាពិសេសបន្ទាប់​ពីលោក Logan Paul បានបង្ហោះរូបជនរងគ្រោះដោយអំពើអត្តឃាតក្នុងវីដេអូរបស់លោកមួយ ដែលនាំឱ្យមានការផ្ទុះកំហឹងពីសាធារណជន កាលពីពេលថ្មីៗនេះ៕

ប្រភពព៏ត៌មាន: theguardian

មតិយោបល់