ព័ត៌មានបច្ចេកវិទ្យា

DJI អាចនឹងប្រកាសចេញដ្រូន Mavic Air ក្នុងព្រឹត្តិការណ៍ថ្ងៃអង្គារ សប្តាហ៍ក្រោយ

ក្រុមហ៊ុនផលិតដ្រូន DJI របស់ចិន បានផ្ញើលិខិតអញ្ជើញទៅភាគីពាក់ព័ន្ធរួចរាល់ហើយ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Adventure Unfolds នាថ្ងៃអង្គារ ទី ២៣ សប្តាហ៍ក្រោយនេះ។

តាមរយ:លិខិតអញ្ជើញនោះ ក្រុមហ៊ុនមិនបានបង្ហាញថា ខ្លួននឹងប្រកាសចេញផលិតផលដ្រូនថ្មីម៉ូឌែលអ្វីនោះទេ ប៉ុន្តែ បើយោងតាមព័ត៌មានចចាមអារ៉ាមកន្លងមក គេអាចរំពឹងថា DJI នឹងបង្ហាញចេញជាផ្លូវការនូវដ្រូនឈ្មោះ Mavic Air ដែលជាជំនាន់ក្រោយនៃដ្រូនដ៏តូចច្រឡឹង Mavic Pro របស់ក្រុមហ៊ុន ដែលកំពុងមានវត្តមានលើទីផ្សារ ប៉ុន្តែ មានទំហំស្រាលជាង តូចជាង និងអាចហោះក្នុងល្បឿនលឿនជាង។

ការរំពឹងទុកនោះ ក៏បានធ្វើឡើងដោយផ្អែកលើរបស់ក្រុមហ៊ុនតម្រុយក្នុងរយ:វីដេអូបែបពញ្ញាក់អារម្មណ៍របស់ក្រុមហ៊ុនផងដែរ ដោយវីដេអូនោះបានបញ្ចូលពាក្យក្នុងន័យសេចក្តីថា “ពីទំហំតូចហាក់បីដូចជាមិនសូវមានការចាប់អារម្មណ៍ ប្រែក្លាយជាអំណាច និងថាមពលដ៏អស្ចារ្យ”។

ដោយឡែក ជាមួយគំនិតរចនាដ្រូនជំនាន់ថ្មីដែលមានទំហំកាន់តែតូចបែបនោះ អាចនឹងជួយឱ្យ Mavic Air មានតម្លៃកាន់តែទាប ហើយវានឹងឋិតក្នុងជម្រើស​ដ្រូនលំដាប់ថ្នាក់កណ្តាលដែលមានតម្លៃចន្លោះពី ៣៩៩ ដុល្លារ (ម៉ូឌែល Spark) ទៅ ៨៩៩ ដុល្លារ (ម៉ូឌែល Mavic Pro) របស់ក្រុមហ៊ុនក្រុមហ៊ុន DJI៕

ប្រភពព័ត៌មាន: theverge

មតិយោបល់