ព័ត៌មានបច្ចេកវិទ្យា

កំណែ iOS 11 ថ្មីដ៏ធំមួយ នឹងចេញនៅសប្តាហ៍នេះ

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Apple បានបញ្ចេញនូវកំណែប្រព័ន្ធ iOS 11.2.5 ជំនាន់សាកល្បងទី ៧ (beta7 gold master) សម្រាប់ក្រុមអ្នកអភិវឌ្ឍកម្មវិធី និងសាធារណជនអ្នកប្រើប្រាស់ទូរសព្ទដៃ iPhone និង iPad ទាញយក។ ហើយនេះក៏បានសេចក្តីថា ជំនាន់សម្រេចនៃ iOS 11.2.5 ជិតចេញមកផងដែរ។

យោងតាមប្រភពព័ត៌មានពី Forbes ប្រព័ន្ធ iOS 11.2.5 ចុងក្រោយ នឹងចេញនៅសប្តាហ៍នេះ ហើយវានឹងមានទំហំធំជាងកំណែមុនៗដែលទាមទាររយ:ពេលទាញ​យកយូរ។

តាមរយ:កំណែ iOS បន្ទាប់នេះ Apple នឹងធ្វើឱ្យកាន់តែប្រសើរឡើងទៅលើមុខ​ងារជំនួយការសំឡេងឌីជីថល Siri និងកែកំហុសឆ្គងបន្ទាន់ផ្សេងៗដែលកើតមាននៅលើប្រព័ន្ធចាស់ ព្រមទាំងផ្លាស់ប្តូររចនាសម្ព័ន្ធកូដកម្មវិធីខាងក្នុងដែលអ្នកប្រើប្រាស់ទូទៅមិនអាចដឹងបានជាដើម។

គួររំឭកថា កាលពីប៉ុន្មានថ្ងៃមុននេះ នៅក្នុងកិច្ចសម្ភាស៍មួយជាមួយទូរសព្ទ ABC News មេក្រុមហ៊ុន Apple លោក Time Cook បានសន្យាថា ខ្លួននឹងដាក់បន្ថែមមុនងារបិទកុំឱ្យទូរសព្ទ iPhone ស៊េរីចាស់ៗដែលថាមពលថ្មរបស់វាចុះខ្សោយដើរយឺត ហើយនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចមានលទ្ធភាពឆែកសុខភាពថ្មទូរសព្ទរបស់ពួកគេដោយខ្លួនឯង។

បើយោងតាមប្រភពពី Forbes ដដែល មុខងារទាំងនេះ នឹងចេញនៅលើ iOS 11.3 ពោលគឺ​ មិនមែននៅលើ iOS 11.2.5 នេះទេ។

នៅពេលវត្តមាន iOS 11.2.5 មកដល់​ Post Tech នឹងធ្វើការផ្សព្វផ្សាយជូន ព្រមជាមួយការបញ្ជាក់ពីមុខងារ និងសារប្រយោជន៍ថ្មីរបស់វា ធៀបទៅនឹងជំនាន់មុន។

ដូច្នេះ ប្រិយមិត្តសូមកុំភ្លេចរង់ចាំតាមដានជាមួយយើងខ្ញុំនាពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

 

មតិយោបល់