ព័ត៌មានបច្ចេកវិទ្យា

ផ្សារទំនើបស្វ័យប្រវត្តិ Amazon Go បើកដំណើរការជាសាធារណៈលើកដំបូង

ក្រុមហ៊ុន Amazon នៅថ្ងៃច័ន្ទនេះ បានដាក់ឱ្យដំណើរការផ្សារទំនើបខ្នាតតូចមួយ ដែល​បំពាក់បច្ចេកវិទ្យាស្វ័យប្រវត្តិ ១០០% មិនត្រូវការអ្នកគិត​លុយ ឬបុគ្គ​លិកយាមកាមអ្វីទាំងអស់។

ហាងលក់ទំនិញគ្រប់មុខ Amazon Go នេះ បានដាក់ដំណើរការឱ្យបុគ្គលិកសាក​ល្ប​ងតាំងពីមួយឆ្នាំមុនមកម្លេះ ដោយនេះគឺជាលើកទីមួយហើយដែលក្រុមហ៊ុន​បើកទទួលភ្ញៀវឱ្យចូលទិញទំនិញជាសាធារណ:បែបនេះ។

នៅក្នុងហាងនេះដែរ អតិថិជនមិនចាំបាច់រង់ចាំឱ្យបុគ្គលិកទូទាត់ថ្លៃទំនិញអ្វីឡើយ ដោយគ្រាន់តែនៅពេលដើរចូល ពួកគេត្រូវឆ្លងកាត់ច្រកទ្វារសម្រាប់ស្កេនអត្តសញ្ញាណ និង BarCode លើស្មាតហ្វូនមួយដែលដំឡើង និងតភ្ជាប់ជាមួយប្រព័ន្ធកម្មវិធី Amazon Go។ បន្ទាប់មក ពួកគេគ្រាន់តែរើសយកមុខទំនិញដែលខ្លួនចង់បានរួចដើរចេញមកវិញជាការស្រេច។

ផ្សារទំនើបស្វ័យប្រវត្តិនេះ ក្រុមហ៊ុនផ្សារអនឡាញយក្សអាមេរិក បានបំពាក់នូវ Sensors និងកាមេរ៉ាច្រើន ១០០ គ្រឿងទៅតាមទីតាំងផ្សេងៗ ក្រោមការគ្រប់គ្រងដោយប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលមានភាពវៃឆ្លាតអាចដឹងសូម្បីតែអតិថិជនដកមុខទំនិញណាមួយចេញ ហើយដាក់ចូលវិញ។

រាល់មុខទំនិញដែលពួកគេបានទិញទៀតសោត នឹងបង្ហាញនៅលើអេក្រង់ទូរសព្ទជាមួយការទូទាត់តម្លៃភ្លាមៗតាមប្រព័ន្ធអនឡាញភ្លាមៗតែម្តង។

បើតាមប្រភពព័ត៌មានពីReuters ក្រុមហ៊ុន Amazon មិនបានគូសបញ្ជាក់ថា ខ្លួននឹងដំឡើងហាង Go បន្ថែមនៅថ្ងៃណា ឬកន្លែងណាទៀតនោះទេ ហើយខ្លួនក៏នៅមានបញ្ហាប្រឈមជាច្រើនទៀតផងដែរ៕

មតិយោបល់