ព័ត៌មានបច្ចេកវិទ្យា

ទូរសព្ទ Sony គ្មានរន្ធដោតកាសដំបូងបង្អស់ អាចនឹងមកដល់ឆាប់ៗនេះ

ក្រុមហ៊ុន Sony អាចនឹងបោះបង់រន្ធដោតកាសប្រភេទ ៣.៥៥​ មីល្លីម៉ែត្រ ដ៏ចំណាស់ មុនគូប្រជែង ដូចជា Samsung និង LG តាមរយ:ស្មាតហ្វូនលំដាប់កំពូលស៊េរីបន្ទាប់របស់ខ្លួន។

អំណះអំណាងនេះ គឺធ្វើឡើងដោយសម្អាងទៅលើឯកសារពីគណកម្មការទំនាក់ទំនងសហព័ន្ធ FCC (Federal Communication Committee) របស់អាមេរិក ដែលបានបង្ហាញឱ្យឃើញនូវឈ្មោះម៉ូឌែលទូរសព្ទ Sony ថ្មីមួយ ដែលមានលេខ​កូដ​សម្គាល់ PY7-21831A ប្រើប្រាស់រន្ធដោត USB ប្រភេទ Type-C សម្រាប់ទាំងសំឡេង និងមុខងារសាកថ្ម។

ប្រភពពី FCC ដដែល ក៏បានឱ្យដឹងបន្ថែមថា ទូរសព្ទ Sony ថ្មីនោះ មានបណ្តោយ និងទទឹង ១៥២.៧៩ x ៧២.៤២ មីល្លីម៉ែត្រ ប្រើអេក្រង់ទំហំ ៥.៧ អីុញ ដែលព័ត៌មាននេះសរបញ្ជាក់ថា វាមានទំហំតូចជា Xperia XZ Premium ដែលមានទំហំ ១៥៦ x ៧៧ មីល្លីម៉ែត្រ ប៉ុន្តែ មានអេក្រង់ធំជាង ខណ:អេក្រង់របស់ XZ Premium មានទំហំ ៥.៥ អីុញ។

គួរបញ្ជាក់ថា នៅឆ្នាំ ២០១៨ នេះ ក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន បានបើកបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ៣ ម៉ូដែល រួចទៅហើយ ប៉ុន្តែ ទាំងនោះមិនមែនជាផលិតផលទូរសព្ទលំដាប់កំពូលរបស់ក្រុមហ៊ុននោះទេ។ ម្លោះហើយ ស្មាតហ្វូនស៊េរីថ្មីដែលបែកធ្លាយលេខកូដពី FCC ត្រូវគេជឿថា គឺជាតួអង្គសំខាន់បំផុតរបស់ក្រុមហ៊ុន ដែលនឹងត្រូវយកទៅប្រកាសចេញនាពេលឆាប់ៗខាងមុខនេះ ដែលអាចនៅឯព្រឹត្តិការណ៍សមាជទូរសព្ទចល័តពិភពលោក MWC ខែមិនាក្រោយនេះ។

យ៉ាងណាក៏ដោយ ការពិតឬយ៉ាងណានោះ សូមលោកអ្នកកុំភ្លេចរង់ចាំតាមដានជាមួយ Post Tech នៅពេលក្រោយៗទៀត៕

ប្រភពព័ត៌មាន: phonearena

 

មតិយោបល់