Post News Media ព័ត៌មានបច្ចេកវិទ្យា បើលោកអ្នកមាន ...

បើលោកអ្នកមាន iPhone 6 Plus ខូច អាចប្តូរយក iPhone 6S Plus ឥតគិតថ្លៃពី Apple បាន

ប្រសិនបើលោកអ្នកមានទូរសព្ទដៃ iPhone 6 Plus ខូច មានបញ្ហាគ្រឿងបន្លាស់ ដែលចាំបាច់ត្រូវការប្តូរម៉ាស៊ីនទូរសព្ទទាំងស្រុង លោកអ្នកប្រហែលជាអាចទទួលបានការផ្លាស់ប្តូរជាមួយទូរសព្ទ iPhone ម៉ូឌែលបន្ទាប់របស់វាមួយគ្រឿងផ្សេង ដោយ​ឥតគិតថ្លៃពីក្រុមហ៊ុន Apple តែម្តង។ នេះបើយោងតាមសេចក្តីប្រកាសពីក្រុមហ៊ុនដែលត្រូវបានគេហទំព័រ MacRumors លើកយកមកចុះផ្សាយ។

នៅក្នុងសេចក្តីប្រកាសនោះបានសរសេរថា “ការកម្ម៉ង់គ្រឿងបន្លាស់ទាំងមូលសម្រាប់ iPhone 6 Plus មួយចំនួន អាចត្រូវបានប្តូរជំនួសដោយ iPhone 6S Plus រហូតដល់បណ្តាច់ខែមិនា ឆ្នាំ ២០១៨”។

យោងតាមប្រភពពី Mashable ក្រុមហ៊ុន Apple មិនបានបញ្ជាក់ពីម៉ូដែលទូរស័ព្ទ iPhone 6 Plus ដែលមានសិទ្ធិទទួលបានការផ្លាស់ប្តូរដោយឥតគិតថ្លៃនោះទេ។ ប៉ុន្តែ ការផ្លាស់ប្តូរជាមួយម៉ូឌែល S របស់វា ទំនងពាក់ព័ន្ធទៅនឹងបញ្ហាកង្វះថ្មក្នុងស្តុកសម្រាប់​ប្តូរជូនអតិថិជនទូរសព្ទ iPhone 6 Plus នាពេលថ្មីៗនេះរបស់ក្រុមហ៊ុន។

សូមចំណាំថា Apple និងដៃគូផ្តល់សេវាកម្មនានា អាចត្រឹមតែប្តូរថ្ម ឧបករណ៍បំពងសំឡេង កាមេរ៉ាក្រោយ និងសមាសធាតុផ្សំផ្សេងទៀតសម្រាប់ទូរសព្ទ iPhone 6 Plus ដែលមានបញ្ហាខូច ដើម្បីឱ្យវាដំណើរការឡើងវិញ ដោយមិនចាំបាច់ប្តូរ iPhone 6S Plus មួយផ្សេងទៀតក៏បាន។

សម្រាប់ប្រិយមិត្តនៅក្នុងប្រទេសកម្ពុជា ដែលមាន iPhone 6 Plus ខូច ត្រូវការប្តូរគ្រឿងបន្លាស់ទាំងស្រុង សូមទាក់ទងផ្ទាល់ទៅកាន់ Apple Support តាម Genius Bar ដើម្បីទទួលបានការពិគ្រោះយោបល់ពីជាងជំនាញរបស់ក្រុមហ៊ុន ទៅលើការស្នើសុំធ្វើការផ្លាស់ប្តូរ ឬទៅកាន់ហាងដែលមានអាជ្ញាបណ្ណស្របច្បាប់ពី Apple ដើម្បីសាកសួរព័ត៌មានបន្ថែម៕

Loading...