ព័ត៌មានបច្ចេកវិទ្យា

បុរសម្នាក់ខាំថ្ម iPhone​ ក្នុងមាត់ ស្រាប់តែវាផ្ទុះឡើងភ្លាមមួយរំពេច

បុរសម្នាក់បានយកទូរសព្ទ iPhone របស់ខ្លួនទៅប្តូរថ្មថ្មីនៅហាងលក់គ្រឿងអេឡិចត្រូនិកមួយកន្លែងនៅក្នុងទីក្រុង Nanjing ប្រទេសចិន។ បន្ទាប់មក គេស្រាប់តែយកថ្មថ្មីនោះដាក់ខាំក្នុងមាត់ ហើយមួយរំពេចក្រោយមកវាក៏ផ្ទុះឆេះបែកផ្កាភ្លើងឡើង សឹងតែដកចេញមិនទាន់។

គេមិនដឹងច្បាស់ថា តើថ្មនោះជារបស់ក្លែងក្លាយ ឬក៏យ៉ាងណានោះទេ ហើយមូលហេតុដែលគាត់ខាំវាដូច្នោះ គឺគាត់និយាយថា ខ្លួនចង់ពិសោធន៍ភាពសុទ្ធរបស់ថ្ម ដូចជាការពិសោធលើកាក់មាស ដែលគេឯងឧស្សាហ៍ធ្វើជាយូរមកហើយ។

ហេតុការនេះបើនិយាយតែមាត់ អាចនឹងគ្មានអ្នកជឿ ប៉ុន្តែ កាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅតាមជ្រុងផ្សេងៗក្នុងហាង អាចបង្ហាញយ៉ាងច្បាស់ពីសកម្មភាពដ៏គួរឱ្យហួសចិត្តរបស់អតិថិជនម្នាក់នោះ។

ទោះយ៉ាងនេះក្តី ឧប្បតិ្តវហេតុនោះ ពុំបានបង្កឱ្យមានជនរងគ្រោះ ឬអ្នករបួសអ្វីឡើយ បើទោះបីជាការផ្ទះឋិតនៅចម្ងាយតែប៉ុន្មានសង់ទីម៉ែត្រពីមនុស្សពីរបីនាក់ក្បែរនោះក៏ដោយ។

គួររំឭកថា កាលពីខែមុន Apple បានសារភាពថា ខ្លួនបានពន្យឺតល្បឿនដំណើរការទូរសព្ទ iPhone ជាពិសេសម៉ូឌែល 6 និង 6 Plus ដោយចេតនា ទៅតាមអាយុកាលនៃថ្មរបស់វា ដើម្បីបញ្ជៀសការរលត់ជាយថាហេតុ។ លុះក្រោយមក ក្រុមហ៊ុនក៏ប្រកាសប្តូរថ្មថ្មីឱ្យទូរសព្ទ iPhone ទាំងនោះ ដោយតម្លៃពិសេសត្រឹម ២៩ ដុល្លារ ខណ:តម្លៃធម្មតា ៧៩ – ៥៩ ដុល្លារ៕

ប្រភពព័ត៌មាន: CGTN

មតិយោបល់