Post News Media ព័ត៌មានបច្ចេកវិទ្យា ចេញហើយ! iOS 1...

ចេញហើយ! iOS 11.2.5 ជាមួយការបន្ថែមលក្ខណ:សម្បត្តិធំៗ និងកែកំហុសឆ្គងមួយចំនួន

ក្រោយពីដាក់ចេញនូវកំណែសាកល្បងជាបន្តបន្ទាប់រហូតដល់ជំនាន់ទី ៧ រួចមក ក្រុមហ៊ុន Apple បានបើកឱ្យអ្នកប្រើប្រាស់ iPhone និង iPad អាចទាញយក និងដំឡើង iOS 11.2.5 ជំនាន់សម្រេចរបស់ខ្លួនជាសាធារណ:ហើយ។

ដូចការរំពឹងទុកដូច្នេះដែរ iOS 11 ជំនាន់ថ្មីនេះ មានការដាក់បន្ថែមមុខងារប្រើប្រាស់ថ្មីៗមួយចំនួនទៅលើកម្មវិធី HomePod និង Siri។

ក្នុងនោះ វាផ្តល់លទ្ធភាពដល់លោកអ្នកក្នុងការបញ្ជូនដោយស្វ័យប្រវត្តិនូវ Apple ID, Apple Music, Siri, Wi-Fi Settings ទៅឧបករណ៍ចាក់តន្រ្តីវៃឆ្លាត Home Pod ហើយអ្នកក៏នឹងអាចទទួលដំណឹងថ្មីៗពីជំនួយការសំឡេងឌីជីថល Siri បាន ដោយគ្រាន់តែនិយាយ​ទៅកាន់វាថា “Hey Siri, play the news”។

បន្ថែមពីលើនេះ លោកអ្នកក៏អាចប្រាប់ឱ្យវាស្វែងរកព័ត៌មានជាក់លាក់តាមផ្នែកផ្សេងៗដូចជា កីឡា អាជីវកម្ម ឬតន្រ្តី មកបង្ហាញ ឬអានឱ្យខ្លួនស្តាប់បានផង​ដែរ។ តែបច្ចុប្បន្ន លក្ខណ:ពិសេសនេះ គឺមានតែនៅអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលីតែប៉ុណ្ណោះ។

iOS 11.2.5 ក្រៅពីដាក់បន្ថែមមុខងារថ្មីៗខាងលើ វាក៏បានជួសជុលបញ្ហា និងកំហុសឆ្គងផ្នែកភាសាកូដកម្មវិធីមួយចំនួនដែលកើតមានលើជំនាន់ចាស់។ តួយ៉ាងដូចជា បញ្ហាកម្មវិធី Phone លោតចេញព័ត៌មានមិនពេញលេញ សារដំណឹងលោតបាត់ពីអេក្រង់ iPhone X បន្ទាប់ពីអ្នកប្រើប្រាស់ដោះសោដោយប្រើ Face ID ជាដើម៕

សូមបញ្ជាក់ថា ដើម្បីកែឡើងជំនាន់ថ្មីនេះ លោកអ្នកអាចចូលទៅកាន់កម្មវិធី Settings -> General -> System Update លើឧបករណ៍ iPhone ឬ iPad ដែលគាំទ្រប្រព័ន្ធប្រតិបត្តិការ iOS 11។

 

Loading...