យោងតាមក្រុមអ្នកវិភាគមកពីក្រុមហ៊ុន KGI Securities ក្នុងឆ្នាំ ២០១៨ នេះ Apple នឹងបញ្ចេញស្មាតហ្វូន ៣ ម៉ូឌែលខុសគ្នា។ ក្នុងនោះ នឹងមានមួយម៉ូឌែល មានតម្លៃមធ្យមចម្លោះពី ៧០០-៨០០ ដុល្លារ ចំណែកពីរម៉ូឌែលផ្សេងទៀត នឹងមានតម្លៃចាប់ពី ១០០០ ដុល្លារ ឡើងទៅ។
យោងតាមប្រភពដដែល ម៉ូឌែលតម្លៃមធ្យមនោះ នឹងបំពាក់អេក្រង់ទំហំ ៦.១ អីុញ ព្រមជាមួយលក្ខណ:សម្បត្តិដែលកំពុងមានលើ iPhone X បច្ចុប្បន្នមួយចំនួន ដូចជា Face ID ជាដើម។
ប៉ុន្តែ ដើម្បីបន្ទាបតម្លៃរបស់វា ក្រុមហ៊ុននឹងប្រើប្រាស់អេក្រង់ប្រភេទ LCD កាមេរ៉ាក្រោយតែមួយ និងដកចោលនូវអេក្រង់ប្រភេទ 3D Touch ខុសពីពីរម៉ូឌែលផ្សេងទៀត ដែលប្រើអេក្រង់ OLED។ ចំណែកក្រវាត់ស៊ុមវិញ នឹងផលិតពីលោហ:អាលុយមីញ៉ូម ខុសពីក្រវ៉ាត់ស៊ុមរបស់ iPhone ម៉ូឌែលអេក្រង់ទំហំ ៦.៥ និង ៥.៨ អីុញ ដែលផលិតពីលោហ:មិនចេះច្រេះ។
នៅក្នុងរបាយការណ៍ស្រាវជ្រាវមួយយកមកចុះផ្សាយដោយ MacRumors នៅថ្ងៃអង្គារ អ្នកព្យាករណ៍ផលិតផល Apple ដ៏ល្បីល្បាញពី KGI គឺលោក Ming-Chi Kuo បានឱ្យដឹងបន្ថែមថា iPhone 6.1″ នឹងមិនភ្ជាប់មកជាមួយថ្មរាងអក្សរ L ដូច iPhone X ដែលមានថាមពលកាន់តែខ្ពស់នោះទេ ប៉ុន្តែ វានឹងប្រើថ្មរាងចតុកោណដូច iPhone 8 និង 8 Plus។
លោកប៉ាន់ប្រមាណទៀតថា iPhone ស៊េរីថ្មីនោះ នឹងលក់ចេញបានដល់ទៅ ៥០% នៃចំនួនលក់ iPhone ស៊េរីឆ្នាំ ២០១៨ សរុប ហើយការលក់នឹងបន្តខ្លាំងរហូតដល់ឆ្នាំ ២០១៩។
គួរបញ្ជាក់ថា គេមិនទាន់ច្បាស់ថា Apple នឹងដាក់ឈ្មោះឱ្យ iPhone ទាំងបីម៉ូឌែលនោះយ៉ាងណានោះទេ៕
ព័ត៌មានបន្ថែមសូមមើលរូបខាងក្រោម៖
មតិយោបល់