Post News Media ព័ត៌មានបច្ចេកវិទ្យា iOS 11.3 នឹងម...

iOS 11.3 នឹងមានមុខងារ Privacy ការពារសុវត្ថិភាពទិន្នន័យ និងលេខសម្ងាត់ Apple ID លោកអ្នក

បន្ទាប់ពីដាក់ចេញនូវប្រព័ន្ធ iOS 11.2.5 បានប៉ុន្មានថ្ងៃ ព័ត៌មានស្តីពីកំណែបន្ទាប់ជំនាន់សាកល្បងរបស់វាថ្មីមួយគឺ iOS 11.3 ក៏ត្រូវបានលេចឡើង។

យោងតាមប្រភពព័ត៌មានពីអ្នកអភិវឌ្ឍកម្មវិធីម្នាក់ឈ្មោះ Dean Murphy នៅក្នុង iOS 11.3 beta គឺមានរូបតាងមុខងារ Privacy ថ្មីមួយ ដែលត្រូវបានបង្កើតឡើងដើម្បីជួយការពារសុវត្ថិភាពទិន្នន័យ និងលេខកូដសម្ងាត់ Apple ID លើទូរសព្ទ iPhone ឬ iPad របស់អ្នកប្រើប្រាស់។

ប្រភពដដែលបានឱ្យដឹងថា រូបតាងនោះនឹងបង្ហាញឡើងនៅពេលណាដែលមានមុខងារ ឬកម្មវិធីណាមួយស្នើឱ្យលោកអ្នកបញ្ចូលព័ត៌មានផ្ទាល់ខ្លួន រាប់បញ្ចូលទាំងលេខសម្ងាត់ Apple ID។

បច្ចុប្បន្ន គេមិនទាន់ដឹងថារូបតាងនោះនឹងបង្ហាញឡើងនៅកន្លែងណាឱ្យប្រាកដនោះទេ ប៉ុន្តែ វាអាចនឹងលេចចេញលើរបារ៍មឺនុយនៅផ្ទាំងកម្មវិធីខាងលើ។

កន្លងមក មានអ្នកអភិវឌ្ឍកម្មវិធីម្នាក់ឈ្មោះ Felix Krause បានបង្ហាញពីភាពកម្សោយនៃសុវត្ថិភាពលេខសម្ងាត់ Apple ID ដោយថាកម្មវិធី ឬគេហទំព័រមួយអាចបង្កើតជាផ្ទាំង Popup ដើម្បីស្នើឱ្យអ្នកប្រើប្រាស់វាយបញ្ចូលលេខសម្ងាត់ Apple ID របស់ពួកគេ ដែលវិធីនេះ អាចឱ្យជនខិលខូចលួចចម្លងវាយកទៅប្រើប្រាស់បានដោយងាយ។

ហេតុដូច្នោះ នៅពេលដែលមុខងារ Privacy ថ្មីត្រូវបានដាក់បន្ថែម វានឹងត្រួតពិនិត្យមើលភាពគួរជាទីទុកចិត្តនៃការទាមទារឱ្យបញ្ចូលព័ត៌មានផ្ទាល់ខ្លួននានានៅលើឧបករណ៍ iOS Devices។

គួរបញ្ជាក់ថា រូបតាង Privacy នេះ ក៏នឹងមាននៅលើប្រព័ន្ធប្រតិបត្តិការ macOS High Sierra និង tvOS ជំនាន់បន្ទាប់ផងដែរ។ ម្លោះហើយ ទិន្នន័យផ្ទាល់ខ្លួន និងលេខសម្ងាត់ Apple ID របស់លោកអ្នក នឹងត្រូវបានការពារលើឧបករណ៍គ្រប់ប្រភេទពីក្រុមហ៊ុន Apple តែម្តង៕

ប្រភពព័ត៌មាន: Dean Murphy , KrauseFx via TheVerge

Loading...