ព័ត៌មានបច្ចេកវិទ្យា

Galaxy S9 & S9+ អាចនឹងថ្លៃបំផុតក្នុងចំណោមស្មាតហ្វូនត្រកូល S របស់ Samsung

យោងតាមអ្នកទម្លាយព័ត៌មានផលិតផលទូរសព្ទដែលបានទស្សទាយពីតម្លៃ Samsung ត្រកូល S ចំៗបីជំនាន់​មកហើយឈ្មោះ Ricciolo បានអះអាងថា Galaxy S9 និង S9+ នឹងចេញមកបំបែកកំណត់ត្រាតម្លៃថ្មីនៃស្មាតហ្វូនលំដាប់កំពូលត្រកូល S របស់ក្រុមហ៊ុន។

នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលឡើយ ខណ: Samsung បានបង្កើនតម្លៃស្មាតហ្វូនរបស់ខ្លួនក្នុងត្រកូលនេះកន្លងមករួចទៅហើយ។ ជាក់ស្តែង បើតាមប្រភពព័ត៌មានពី Phone Arena ទូរសព្ទ Galaxy S8 ចេញដំបូងតម្លៃ ៧៥០ ដុល្លារ ឯ Galaxy S7 ចេញដំបូងតម្លៃ ៦៥០ ដុល្លារ ពោលគឺ ខ្ពស់ជាង ១០០ ដុល្លារ។ ការបង្កើនតម្លៃនេះ ត្រូវគេជឿថាដោយសារក្រុមហ៊ុនបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មីៗ ដែលត្រូវការចំណាយថ្លៃដើមក្នុងការផលិតកាន់តែខ្ពស់។

ចំពោះ Galaxy S9 ដែលត្រៀមប្រកាសចេញនៅថ្ងៃទី ២៥ ខែក្រោយ លោក Ricciolo មិនបានបញ្ចាក់ច្បាស់ពីតម្លៃនោះទេ តែលោកថា “ត្រៀមលុយឱ្យហើយទៅ….ថ្លៃបំផុតមិនធ្លាប់មាន”។ តាមការលើកឡើងនេះ គេអាចប៉ាន់ប្រមាណថា S9 អាចនឹងចេញលក់ចាប់ពី ៨០០ ដុល្លារឡើង ដោយសារតែក្រុមហ៊ុននឹងដាក់បន្ថែមនូវបច្ចេក​វិទ្យាកាមេរ៉ា Variable Aperture ដំបូង ដែលវាមិនថោកនោះទេ។

យោងតាមព័ត៌មានក្រៅផ្លូវការកន្លងមក បច្ចេកវិទ្យា Variable Aperture នេះ នឹងជួយឱ្យកាមេរ៉ារបស់ S9 ដែលមានតែមួយគ្រាប់ អាចផ្តិតយករូបភាពបានឡូយមិនចាញ់កាមេរ៉ាភ្លោះឡើយ ដោយវាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្តូរទំហំ Aperture ពី f/1.5 ទៅ f/2.4 ដោយស្វ័យប្រវត្តិ៕

 

 

មតិយោបល់