Post News Media ព័ត៌មានបច្ចេកវិទ្យា ទូរសព្ទដៃ Sam...

ទូរសព្ទដៃ Samsung អេក្រង់បត់សម្រាប់ឆ្នាំ ២០១៨ អាចនឹងប្រើកញ្ចក់អាចបត់ចុះឡើងបាន

នៅក្នុងរបាយការណ៍ចំណូលថ្មីមួយរបស់ខ្លួនបោះផ្សាយនៅថ្ងៃពុធ ក្រុមហ៊ុន Samsung បានថ្លែងឱ្យដឹងថា ខ្លួនកំពុងអភិវឌ្ឍកញ្ចក់អេក្រង់ OLED ប្រភេទដែលអាចបត់បានផ្សេងៗ។ ក្នុងនោះ មានមួយប្រភេទអាចយកទៅបំពាក់លើទូរសព្ទដែលបត់ឡើងបាន ហើយវាត្រូវគេរំពឹងទុកថា នឹងបើកបង្ហាញចេញនៅក្នុងឆ្នាំ ២០១៨ នេះ។

គួរបញ្ជាក់ថា នេះគឺជាលើកទី ៣ ហើយដែលក្រុមហ៊ុនអេឡិចត្រូនិចយក្សកូរ៉េលើកឡើងអំពីអេក្រង់ OLED ដែលអាចបត់បាន នៅក្នុងរបាយការណ៍ផ្លូវការរបស់ខ្លួន។ ហើយវាបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុនកំពុងធ្វើការលើបច្ចេកវិទ្យាអេក្រង់ថ្មី
ដើ​​ម្បី​នាំមុខ Apple និងក្រុមហ៊ុនផលិតស្មាតហ្វូននានា។

អេក្រង់ប្រភេទបត់ដែល Samsung បានលើកឡើង ហើយដែលមានការលេច​ឮព័ត៌មានចចាមអារ៉ាមជាយូរមកហើយនោះ គឺខុសពីអេក្រង់ប្រភេទអាចពត់បាន ដែលក្រុមហ៊ុនបានប្រើរួចទៅហើយលើស្មាតហ្វូនត្រកូល Galaxy Edge។

បច្ចេកវិទ្យាអេក្រង់បត់កំពុងក្លាយជាព័ត៌មានចចាមអារ៉ាមដ៏ក្តៅគគុកនាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយវាអាចជួយឱ្យទូរសព្ទដៃរក្សាបាននូវទំហំអេក្រង់ធំ ប៉ុន្តែ មានតួខ្លួនតូច កាន់តែងាយស្រួលក្នុងការទុកដាក់ និងយកតាមខ្លួន ឬមានតួខ្លួនប៉ុនស្មា​ត​ហ្វូនធម្មតា តែអាចបន្លាអេក្រង់ធំប៉ុនពពួកថេប្លេត។

ពាក់ព័ន្ធនឹងការរំពឹងទុកខាងលើ ក្រុមហ៊ុន Samsung មិនបានធ្វើការឆ្លើយតប ឬអធិប្បាយអ្វីទេ ខណ:កន្លងមក ក្រុមហ៊ុនបានស្នើសុំប៉ាតង់កម្មសិទ្ធិបញ្ញាលើរចនាបទស្មាតហ្វូនអេក្រង់បត់ជាបន្តបន្ទាប់៕

ប្រភពព័ត៌មាន: cnet

អានបន្ថែម៖ Samsung យកគំរូ Galaxy X អេក្រង់បត់ ៧.៣ អ៊ីញ ទៅកាន់ពិព័រណ៍ CES នៅ Las Vegas

របាយការណ៍ថ្មី! Samsung គ្រោងនឹងចេញទូរសព្ទអេក្រង់បត់ដំបូងបង្អស់នៅបំណាច់ឆ្នាំ

Loading...