Post News Media ព័ត៌មានបច្ចេកវិទ្យា ស្មាតហ្វូន No...

ស្មាតហ្វូន Nokia លក់កើនសរុបដល់ ៨.៤៥ លានគ្រឿងក្នុងឆ្នាំ ២០១៧

យោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានឱ្យដឹងថា​ ការលក់ស្មាតហ្វូនម៉ាក Nokia ដើរដោយប្រព័ន្ធ Android របស់ក្រុមហ៊ុន HMD ទទួលបានកំណើនជាបន្តបន្ទាប់ពីមួយត្រីមាសទៅមួយត្រីមាសក្នុងឆ្នាំ ២០១៧។

របាយការណ៍ដដែលបានឱ្យដឹងបន្ថែមថា បន្ទាប់ពីបញ្ចេញ Nokia 6 នៅត្រីមាសទី១ ឆ្នាំមុន ក្នុងទីផ្សារចិន HMD លក់វាបានត្រឹមតែ ១០០,០០០ គ្រឿងប៉ុណ្ណោះ។ ប៉ុន្តែ បន្ទាប់មកក្នុងត្រីមាសទី២ ក្រុមហ៊ុនបានបញ្ចេញម៉ូឌែល 3 និង 5 រួមទាំង 6 សម្រាប់ទីផ្សារមួយចំនួនក្នុងសកលលោក ហើយក៏ទទួលបានចំនួនលក់ចេញសរុប ១.៤ លានគ្រឿង និង ២.៨ លានគ្រឿង នៅត្រីមាសទី ៣។

លុះដល់ត្រីមាសទី ៤ ទូរសព្ទ Nokia បានលក់កើនដល់ ៤.១៥ លានគ្រឿង ដែលនាំឱ្យតួលេខសរុបក្នុងឆ្នាំ ២០១៧ ទទួលបាន ៨.៤៥ លានគ្រឿង ស្មើនឹង ១% នៃចំណែកទីផ្សារស្មាតហ្វូនសរុបក្នុងលោក។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុន Counterpoint Research ដដែល។

គួរបញ្ជាក់ថា ការលក់ទូរសព្ទដៃ Nokia ប្រភេទធម្មតាក្នុងទីផ្សារនៃប្រទេសឥណ្ឌា នៅត្រីមាសទី ៣ ឆ្នាំ ២០១៧ ក្រុមហ៊ុន HMD ទទួលបាន ១៣.៥ លានគ្រឿង ហើយក្នុងត្រីមាសទី ៤ ទូរសព្ទរបស់ក្រុមហ៊ុននៃប្រទេសហ្វាំងឡង់មួយនេះ បានឈរនៅលំដាប់លេខ ៥ នាំមុខដោយក្រុមហ៊ុន JIO, Samsung, Micromax និង Itel ដោយក្តាប់បានចំណែកទីផ្សារ ៦%៕

ប្រភពព័ត៌មាន: nokiamob

Loading...