ព័ត៌មានបច្ចេកវិទ្យា

Huawei នឹងប្រកាសចេញស្មាតហ្វូនបំពាក់កាមេរ៉ាក្រោយ ៣ មុនដំបូងគេលើលោក ​នៅប៉ារីសខែក្រោយ

ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន Huawei បានគូសបញ្ជាក់នៅថ្ងៃពុធ ថានឹងបញ្ចេញទូរសព្ទលំដាប់ខ្ពស់ជំនាន់បន្ទាប់របស់ខ្លួន នៅថ្ងៃទី ២៧ មិនា នៅសាលពិព័រណ៍ និងសារមន្ទីរ Grand Palais នារដ្ឋធានីប៉ារីស នៃប្រទេសបារាំង។

ខុសពីក្រុមហ៊ុន Samsung ដែលបានបង្ហើបឱ្យដឹងថា S9 គឺជាវីរស្មាតហ្វូនថ្មីរបស់ខ្លួន Huawei មិនបានបញ្ជាក់នៅក្នុងលិខិតអញ្ជើញទៅដល់ប្រព័ន្ធផ្សព្វផ្សាយពីអ្វីនោះទេ។ ទោះយ៉ាងណា គេរំពឹងថាវានឹងជាជំនាន់បន្ទាប់របស់ P10 ដែលនឹងមានឈ្មោះ P20 ដែលបញ្ជាក់ពីការផ្លាស់ប្តូរដ៏សំខាន់លើផលិតផលទូរសព្ទដៃទំនើបរបស់ក្រុមហ៊ុន។

យោងតាមព័ត៌មានច្បាស់ការកន្លងមក Huawei P20 នឹងបំពាក់កាមេរ៉ាក្រោយដល់ទៅបីគ្រាប់ ដែលមានទំហំសរុប ៤០ មេហ្គាភិចសែល ហើយអាចយឹតរូបភាព​មកជិតបាន ៥ តង់ ខណ:កាមេរ៉ាមុខនឹងមានទំហំ ២៤ មេហ្គាភិចសែល ហើយ​កាមេរ៉ាទាំងអស់ គឺកើតចេញពីការអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុនផលិតកាមេរ៉ាកម្រិតខ្ពស់របស់អាល្លឺម៉ង់ Lieca។

P20 នេះដែរ នឹងមានកម្រាស់ស្តើងជាង Mate 10 Pro ប៉ុន្តែមិនមានរចនាបទ​អេក្រង់គ្មានស៊ុមនោះទេ។ វានឹងបំពាក់អេក្រង់ទំហំ ៦ អីុញ ផ្តល់ថាមពលប្រតិបត្តិការដោយបន្ទះឈីប Kirin 970 និង Android 8.1 Oreo ចេញពីប្រអប់។

បើធៀបជាមួយ Mate 10 គែមអេក្រង់លើក្រោមរបស់ P20 គឺស្តើងជាងបន្តិច ដែលល្មមសម្រាប់កាមេរ៉ាថ្មីរបស់ក្រុមហ៊ុនឈ្មោះ Point Cloud Depth Camera ដែលស្រដៀងទៅនឹង TrueDepth Camera របស់ក្រុមហ៊ុន Apple៕

Huawei ត្រកូល P ស៊េរីក្រោយ មិនមែន P11 តែជា P20 និងបំពាក់កាមេរ៉ាក្រោយ ៣

ប្រភពព័ត៌មាន: forbes

មតិយោបល់