Post News Media ព័ត៌មានបច្ចេកវិទ្យា អ្នកប្រើ iPho...

អ្នកប្រើ iPhone X មួយចំនួនរអ៊ូថា ទូរសព្ទខ្លួនពិបាកទទួលការហៅចូល

អ្នកប្រើប្រាស់ iPhone X កាន់តែច្រើនឡើងបានរាយការណ៍ថា អេក្រង់ទូរសព្ទតម្លៃ​ជាង ១ ពាន់ដុល្លារ របស់ពួកគេ មិនងាយភ្លឺឡើង នៅពេលមានការហៅទូរសព្ទចូលមកម្តងៗ ដែលបញ្ហានេះ ធ្វើឱ្យខ្លួនលំបាកក្នុងការចុចទទួល។

ការអះអាងបែបនេះ គឺធ្វើឡើងនៅលើទំព័រវាទិកាសម្តែងមតិ និងសួរឆ្លើយនៃគេហទំព័ររបស់ក្រុមហ៊ុន Apple។

អ្នកប្រើប្រាស់ iPhone X ម្នាក់បានសរសេរដាក់ថា ខ្ញុំជាញឹកញាប់មិនអាចឃើញថានរណាកំពុងហៅទូរសព្ទចូលមកនោះទេ គឺអាចត្រឹមតែឮសំឡេងទូរសព្ទរោទិ៍ ហើយគេទាល់តែចាំប្រហែល ១០ វិនាទី រហូតដល់អេក្រង់របស់ទូរសព្ទភ្លឺឡើង។

អ្នកប្រើប្រាស់ម្នាក់ផ្សេងទៀតបាននិយាយថា នៅពេលខ្ញុំទទួលការហៅទូរសព្ទចូលម្តងនៅលើ iPhone X សំឡេងរោទិ៍ បន្លឺឡើង ប៉ុន្តែអេក្រង់នៅរលត់នៅឡើយ លុះក្រោយ ៦-៨ វិនាទីទើបវាឆេះឡើង។

អ្នកប្រើប្រាស់ដដែលបានបន្ថែមថា នៅពេលដែលខ្ញុំចុច Restart (បិទ/បើក) វា បញ្ហាក៏ត្រូវរលាយបាត់ដោយឯកឯង ប៉ុន្តែ ក្រោយពីមានការហៅចូលមកពី ១៥ ទៅ ២០ ដង វាក៏កើតឡើងសារជាថ្មី។

តើប្រិយមិត្តដែលកំពុងប្រើប្រាស់ iPhone X មានជួបប្រទះបញ្ហាដូចគ្នានេះដែរឬទេ? បើមានអាចចូលរួមចែករំលែកនៅប្រអប់ Comment ខាងក្រោមបាន។

ទាក់ទងទៅនឹងបញ្ហានេះ គឺវាអាចបណ្តាលមកពីកំហុសឆ្គងផ្នែក Software ដែលយើងសង្ឃឹមថា Apple នឹងជួសជុលវាតាមរយ:កំណែ iOS ជំនាន់បន្ទាប់៕

ប្រភពព័ត៌មាន: businessinsider

Loading...