Post News Media ព័ត៌មានបច្ចេកវិទ្យា Apple អាចនឹងប...

Apple អាចនឹងប្តូរចិត្តឈប់ពន្យឺតល្បឿន iPhone ក្រោយរងបណ្តឹង​ និងការរិះគន់ជុំទិស

កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុន Apple បាននិយាយថា ខ្លួននឹងបន្តអនុវត្តយន្តការដាក់បញ្ចូលកម្មវិធីដើម្បីកាត់បន្ថយល្បឿនដំណើរការទូរសព្ទ iPhone ស៊េរីក្រោយៗទៅតាមអាយុការបស់វាបន្តទៀត បំណងដើម្បីការពារកុំឱ្យម៉ាស៊ីនរបស់វារលត់ ដោយសារថាមពលចុះខ្សោយ។

ប៉ុន្តែ ក្រោយពីដំណោះស្រាយដែលខ្លួនប្រើប្រាស់ទៅលើ iPhone ស៊េរី 6 និង 7 នេះ ត្រូវបានលាតត្រដាង ហើយ​ក្រុមហ៊ុនក៏បានសារភាពពីចេតនារបស់ខ្លួនរួចមក Apple បានរងនូវការរិះគន់ និងបណ្តឹងស្ទើរគ្រប់មជ្ឈដ្ឋាន។ បន្ទាប់មក ខ្លួនក៏ដាក់ចេញនូវដំណោះស្រាយពីរ ដោយធ្វើការបញ្ចុះតម្លៃប្តូរថ្ម និងសន្យាបញ្ចូលកម្មវិធីតាមប្រព័ន្ធ iOS កំណែថ្មី ដើម្បីឱ្យអ្នកប្រើប្រាស់អាចមានលទ្ធភាពឆែកមើលសមត្ថភាពថាមពលថ្មទូរសព្ទរបស់ពួកគេ។

លុះនៅថ្ងៃម្សិលមិញ ឆ្លើយតបទៅនឹងសំណួរប្រធានគណកម្មការសភាទទួលបន្ទុកផ្នែកពាណិជ្ជកម្ម វិទ្យាសាស្រ្ត និងដឹកជញ្ជូនអាមេរិក ថាតើខ្លួននឹងអនុវត្តវិធានការបែបនេះលើទូរសព្ទ iPhone ស៊េរីថ្មីៗ និងក្រោយៗទៀតដែរឬទេនោះ Apple បានឆ្លើយថា ចំពោះ iPhone ម៉ូឌែល 8, 8 Plus, និង X ត្រូវបានរចនាជាមួយ Hardware ទំនើបជាងម៉ូឌែលមុនៗ ដែលអនុញ្ញាតឱ្យម៉ាស៊ីនវាអាចដំណើរការបានកាន់តែមានប្រសិទ្ធភាព និងបញ្ជៀសបញ្ហារលត់ជាយថាហេតុបាន។

យោងតាមចម្លើយនេះ យើងអាចសន្និដ្ឋានបានថា Apple កំពុងបង្ហាញពីការប្តូរចិត្តរបស់ខ្លួន ដោយការព្យាយាមគ្រប់គ្រងតម្រូវការថាមពលថ្មពីម៉ាស៊ីនទូរសព្ទ iPhone ស៊េរីក្រោយៗ ជាជាងការដាក់បញ្ចូលកម្មវិធីដើម្បីបន្ថយល្បឿនដំណើរការរបស់វា ដែលនាំឱ្យមានការស្តីបន្ទោសយ៉ាងខ្លាំងនោះ៕

ប្រភពព័ត៌មាន: 9to5Mac

Loading...