ព័ត៌មានបច្ចេកវិទ្យា

ច្បាស់ហើយ! Huawei P20 & P20 Plus នឹងបំពាក់កាមេរ៉ាក្រោយ ៣ គ្រាប់

យោងតាមលិខិតអញ្ជើញចែកជូនទៅសល់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុន Huawei ឱ្យចូល​រួមក្នុងព្រឹត្តិការណ៍មួយរបស់ខ្លួន ដែលគ្រោងនឹងប្រព្រឹត្តិទៅនាទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី ២៧ មិនា ខាងមុខ បានសរបញ្ជាក់យ៉ាងច្បាស់ថា ស្មាតហ្វូនលំដាប់កំពូលថ្មីរបស់ក្រុមហ៊ុន នឹងបំពាក់កាមេរ៉ា ៣ គ្រាប់នៅខាងក្រោយ។

ទោះបីក្រុមហ៊ុនមិនបានបញ្ជាក់ចំៗអំពីលក្ខណ:ពិសេសដែលមិនធ្លាប់មានលើស្មាតហ្វូនបច្ចុប្បន្ននោះក៏ដោយ បើយើងមើលរូបរង្វង់មូល ៣ ធំៗលើលិខិតអញ្ជើញ ស្របជាមួយព័ត៌មានក្រៅផ្លូវការជាបន្តបន្ទាប់បានអះអាងកន្លងមក យើងអាចទាយទុកមុនបានថា Huawei ត្រកូល P ស៊េរីឆ្នាំ ២០១៨ នឹងបំពាក់កាមេរ៉ាភ្លោះបី នៅខាងក្រោយ។ ហើយវានឹងក្លាយជាស្មាតហ្វូនដំបូងគេបង្អស់ក្នុងទីផ្សារដែលបំពាក់កាមេរ៉ាក្រោយ ៣ គ្រាប់ នៅខាងក្រោយបែបនេះ។

ដោយការបន្ថែមភ្នែកឱ្យទូរសព្ទមួយទៀត ស្មាតហ្វូននោះនឹងមានសមត្ថភាពអាចយឹតរូបភាពមកជិតដល់ទៅ ៥ តង់ តាមបែប Hybrid (ប្រើ Software និង Hardware រួមគ្នា)។

ក្នុងលិខិតអញ្ជើញដដែល ក៏មានភ្ជាប់មកជាមួយពាក្យ “See mooore with AI” គឺបានសេចក្តីថា ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុននឹងបង្កើនសមត្ថភាពប្រព័ន្ធបញ្ញាសិប្បនិម្មិត AI របស់ខ្លួនបន្ថែមទៀត។

បន្ថែមពីលើនេះ បើយោងតាមព័ត៌មានចចាមអារ៉ាមចុងក្រោយបានលើកឡើងឱ្យដឹងថា អេក្រង់ស្មាតហ្វូន Huawei ស៊េរី P20 នឹងមានគែមខាងលើឆកបន្តិចដូចជា iPhone X អីចឹងដែរ។

ដោយឡែក តាមការរំពឹងទុក P20 នឹងចេញមកជាមួយជម្រើសអេក្រង់ទំហំពី ៥.៨ អីុញ ទៅ ៦ អីុញ ខ្នាតបញ្ចាំងរូបភាព ១០៨០x២២៨០ ភិចសែល ដែលនេះអាចប្រើជាមួយមាត្រដ្ឋានអេក្រង់ ១៩:៩ (បណ្តោយ ១៩ សង់ទីម៉ែត្រ, ទទឹង ៩ សង់ទីម៉ែត្រ) របស់ទូរសព្ទបាន។

ដូច្នេះ ចង់ដឹងថា Huawei ត្រកូល P ស៊េរីឆ្នាំ ២០១៨​ មានលក្ខណ:ពិសេសបែបនេះមែន ឬក៏យ៉ាងណានោះ សូមប្រិយមិត្តកុំភ្លេចតាមដានជាមួយ Post Tech ទាំងអស់គ្នា៕

ប្រភពព័ត៌មាន: Phone Arena

មតិយោបល់