ព័ត៌មានបច្ចេកវិទ្យា

Facebook កំពុងសាកល្បងប៊ូតុង Downvote សម្រាប់ Page សាធារណៈ

ក្រោយពីបានប្រកាសថាខ្លួននឹងផ្លាស់ប្តូរប្រព័ន្ធលក្ខខណ្ឌថ្មីដើម្បីផ្តល់អាទិភាពដល់ទំព័រព័ត៌មានរបស់ប្រព័ន្ធផ្សព្វ​ផ្សាយក្នុងការរំលេចអត្ថបទព័ត៌មានរបស់ខ្លួនទៅដល់អ្នកប្រើប្រាស់ Facebook ក្នុងតំបន់របស់ពួកគេ នៅថ្ងៃនេះ​ ក្រុមហ៊ុន Facebook បានប្រកាសថា ខ្លួនកំពុងសាកល្បងប៊ូតុងថ្មីមួយទៀតដែលមានរូបសញ្ញាព្រួញបាញ់ចុះក្រោយមានឈ្មោះថា Downvote។

ប៊ូតុងថ្មីនេះ ត្រូវបានក្រុមហ៊ុនឱ្យដឹងថា បង្កើតឡើងដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចុចទៅលើសេចក្តីអធិប្បាយ ឬអត្ថបទព័ត៌មានណាដែលមិនសមរម្យ ក្លែងក្លាយ ឬគ្មានសីលធម៌ ដើម្បីរាយការណ៍ទៅដល់ក្រុមហ៊ុន Facebook ផ្តល់ចំណាត់ការលើព័ត៌មាននោះ។

ជាមួយប៊ូតុងប្រតិកម្មថ្មីនេះដែរ វាមានភាពស៊ីជម្រៅជាងមុខងារ Hide ដែលមានស្រាប់ ដោយនៅពេលដែលលោកអ្នកចុចលើវា ព័ត៌មាន ឬពាក្យអធិប្បាយនឹងត្រូវបានបំបាំង ហើយអ្នកអាចរាយការណ៍បន្ថែមទៅដល់ Facebook ជាមួយជម្រើស Offensive (ប្រមាថ), Misleading (ខុស), Fake News (ក្លែងក្លាយ) ឬ Irrelevant (មិនពាក់ព័ន្ធ)។

បច្ចុប្បន្ន ប៊ូតុងនេះកំពុងដាក់សាកល្បងក្នុងរយ:ពេលខ្លីនៅសហរដ្ឋអាមេរិក លើទំព័រ Facebook សាធារណ:មួយចំនួន ហើយក្រុមហ៊ុនអាចនឹងដាក់ចេញឱ្យប្រើប្រាស់ទូទៅនាពេលខាងមុខ ដូចដែលខ្លួនបានធ្វើចំពោះមុខងារផ្សេងៗអីចឹងដែរ៕

ប្រភពព័ត៌មាន: techcrunch

មតិយោបល់