ព័ត៌មានបច្ចេកវិទ្យា

ធ្លាយរចនាបទ Huawei P20/20 Plus ថ្មី បំពាក់កាមេរ៉ាបញ្ឈរ និងអេក្រង់ឆកដូច iPhone X

ខណ:កាលបរិច្ឆេទប្រកាសចេញកាន់តែខិតជិតចូលមកដល់នាថ្ងៃទី ២៧ មិនា រូបភាពរចនាបទថ្មីមួយរបស់ Huawei ត្រកូល P ស៊េរីថ្មី ត្រូវបានគេទម្លាយឱ្យឃើញយ៉ាងច្បាស់។

តាមរូបភាពបែកធ្លាយ Huawei P20/ P20 Plus បំពាក់កាមេរ៉ាក្រោយបីគ្រាប់ រចនាឡើងយ៉ាងកម្រ រាងបញ្ឈរ ដោយពីរលៀនចេញ និងមួយទៀតរាបស្មើ។

ចំណែកផ្ទៃខាងមុខ គឺមានផ្ទៃអេក្រង់នៅគែមខាងលើ ត្រូវបានខ្វៀលបន្តិចសម្រាប់បំពាក់កាមេរ៉ាដែលមើលទៅដូចជាមានពីរគ្រាប់ និង Sensor នៅកណ្តាល។ បើតាមព័ត៌មានចចាមអារ៉ាម Sensor នោះគឺជា Infrared សម្រាប់ប្រើផ្គួបជាមួយកាមេរ៉ាមុខ។

ស្របពេលជាមួយគ្នានោះ ក៏មានដែរនូវរូបថតជាក់ស្តែងដែលគេអះអាងថាជា Huawei P20 Lite ត្រូវបានទម្លាយចេញ និងបង្ហាញពីរចនាបទស្រដៀងទៅនឹងរូបភាពក្រាហ្វិកខាងលើដូច្នេះដែរ។

គួររំឭកថា ព្រឹត្តិការណ៍បើកបង្ហាញផលិតផលស្មាតហ្វូនបន្ទាប់របស់ក្រុមហ៊ុន Huawei នឹងប្រព្រឹត្តិទៅនាទីក្រុង​ប៉ារីស។ តាមរយ:លិខិតអញ្ជើញអ្នកសារព័ត៌មានបានផ្តល់តម្រុយថា ក្រុមហ៊ុននឹងមានការបង្ហាញនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលជាលក្ខណ:សម្បត្តិពិសេសដ៏ចម្បងមួយ។ ម្លោះហើយជាមួយបង្គុំកាមេរ៉ាដ៏ចម្លែកបែបនេះដែលបង្ហាញលើរចនាបទក្រាហ្វិករបស់ P20 និង P20 Plus ប្រហែលជានឹងដើរតួយ៉ាងសំខាន់ជាមួយបច្ចេក​វិទ្យា AI របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ។

ដូច្នេះ ការពិតឬយ៉ាងណានោះ​ មានតែប្រិយមិត្តរង់ចាំតាម​ដានទស្សនាជាមួយ Post Tech បន្តទៀតប៉ុណ្ណោះ៕

ប្រភពព័ត៌មាន: GSM Arena Phone Arena

មតិយោបល់