ព័ត៌មានបច្ចេកវិទ្យា

បែកធ្លាយ Mi Mix 2S រំលេចអេក្រង់គ្មានគែម និងសមត្ថភាពភ្ញាក់ផ្អើលជាច្រើន

ខណ:ស្មាតហ្វូនលំដាប់ខ្ពស់ស៊េរី Xiaomi Mi7 ត្រូវគេរាយការណ៍ថានឹងលើកថ្ងៃប្រកាសចេញទៅក្រោយព្រឹត្តិការណ៍​ WMC 2018 មក ចំណាប់អារម្មណ៍អ្នកគាំទ្រផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុនចិនមួយនេះ កំពុងបែរមកលើស៊េរី Mi Mix 2S របស់ក្រុមហ៊ុនវិញម្តង។

រូបរាង និងលក្ខណ:សម្បត្តិ Mix 2S ដែលជាជំនាន់បន្ទាប់របស់ Mix 2 សម្រាប់ប្រើប្រាស់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មមួយ ដែលមើលទៅមានលក្ខណ:ផ្លូវការ ត្រូវបានគេរំលេចឱ្យឃើញយ៉ាងព្រោងព្រាតនៅក្នុងគេហទំព័រព័ត៌មានបច្ចេកវិទ្យាក្នុងប្រទេសចិន

តាមរយ:រូបនោះ Mi Mix 2S ប្រើប្រាស់ផ្ទៃអេក្រង់ធំទូលាយស្ទើរគ្មានគែមទាំងលើទាំងក្រោមទំហំ ៥.៩៩ អីុញ RAM និងមេម៉ូរីម៉ាស៊ីនទំហំ ៨ និង ២៥៦ ជីហ្គាបៃយ៍ និងបន្ទះឈីបដ៏មានថាមពលជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Qualcomm ម៉ូឌែល Snapdragon 854។

ដោយឡែកយោងតាមព័ត៌មានចចាមអារ៉ាមកន្លងមក កាមេរ៉ាក្រោយរបស់​ Mix 2S គឺភ្លោះ និងមានទំហំ ១២ មេហ្គាភិចសែល ប្រើប្រាស់ Sensor របស់ក្រុមហ៊ុន Sony ម៉ូឌែល IMX363 និងប្រើបន្ទះស្គេនក្រយៅដៃក្រាលក្រោមស្រទាប់អេក្រង់ ព្រមជាមួយបច្ចេកវិទ្យា AI បំពាក់ក្នុងម៉ាស៊ីនផ្ទាល់ ហើយក៏មានដែរមុខងារស្គេនផ្ទៃមុខដូចជា iPhone X៕

យោងតាមប្រភពដដែល Mix 2S នេះ អាចនឹងត្រូវបានប្រកាសចេញក្នុងអំឡុងមុនព្រឹត្តិការណ៍ WMC ដែលនឹងប្រព្រឹត្តឡើងនាទីក្រុង Barcelona ប្រទេសអេស្បាញ ចុងខែមិនា៕

ប្រភពព័ត៌មាន: gsmarena

 

មតិយោបល់