ព័ត៌មានបច្ចេកវិទ្យា

ប្រើ iPhone X ហើយមិនអាចចុចទទួលទូរសព្ទបានភ្លាមៗ? សាកដំណោះស្រាយនេះទៅ!

ថ្មីៗនេះ អ្នកប្រើប្រាស់ទូរសព្ទដៃ iPhone X តម្លៃខ្ទង់ ១០០០ ដុល្លារ បាននិងកំពុងជួបបញ្ហាពិបាកចុចទទួលទូរសព្ទនៅពេលដែលមានការហៅចូលមកម្តងៗ។ បើលោកអ្នកឋិតក្នុងចំណោមពួកគេ អាចសាកល្បងដំណោះស្រាយដែល Post Tech សូមបង្ហាញជូនតាមដំណាក់កាលដូចខាងក្រោម និងដែលលោកអ្នកអាចយកទៅអនុវត្តបានដោយខ្លួនឯង៖

១- ធ្វើបច្ចុប្បនភាពប្រព័ន្ធ iOS ឱ្យឡើងដល់ជំនាន់ចុងក្រោយ

ប្រសិនបើលោកអ្នកមិនទាន់ Update (ធ្វើបច្ចុប្បន្នភាព) ទេនោះ សូមភ្ជាប់អិុនធើណែតលើ iPhone X របស់ខ្លួន រួចចូលទៅកាន់កម្មវិធី Settings -> General -> Software Update រួចចុច Download and Install ហើយរង់ចាំរហូតដល់ដំណើរការទាញយក និងដំឡើងចប់ ជាការស្រេច។ បញ្ជាក់: បច្ចុប្បន្ន iOS 11 បានចេញដល់ជំនាន់ 11.2.5 ហើយ និងកំពុងដាក់ចេញ iOS 11.3 Beta2 សម្រាប់អ្នកប្រើប្រាស់ដំឡើងប្រើសាកល្បង។

សូមចុចត្រង់នេះដើម្បីមើល វីដេអូបង្ហាញពីវិធី Update ឡើង iOS 11.3 beta 2 ដោយមិនចាំបាច់មានគណនី Developer

២- ចុច Restart (បិទ/បើក) ម៉ាស៊ីនដោយបង្ខំ

ធ្វើបែបនេះ នឹងអាចជួយកាត់ផ្តាច់បញ្ហាជាច្រើនដែលកំពុងកើតមានលើប្រព័ន្ធកម្មវិធីដែលធ្វើឱ្យទូរសព្ទដំណើរការខុសប្រក្រតី ជាពិសេសជួយឱ្យម៉ាស៊ីនដើរលឿន។ ដើម្បីធ្វើដូច្នេះ លោកអ្នកសូមចុចម្តងលើប៊ូតុងដំឡើងសំឡេង បន្ទាប់មកចុចម្តងលើប៊ូតុងបន្ថយសំឡេង រួចចុចជាប់លើប៊ូតុង Side រហូតដល់អេក្រង់ទូរសព្ទរលត់ ហើយឃើញរូបឡូហ្គូផ្លែប៉ោមបង្ហាញឡើង។

សូមចុចត្រង់នេះដើម្បីមើលពីមុខងារប្រើប្រាស់ប៊ូតុងចុចរបស់ iPhone X 

៣- ធ្វើការ Reset Network Settings

វិធីនេះអាចនឹងជួយសម្រួលដល់បណ្តាញតភ្ជាប់ និងទំនាក់ទំនងផ្សេងៗ រាប់បញ្ចូលទាំងអីុនធើណែត និងបណ្តាញទូរសព្ទឱ្យដំណើរការប្រក្រតីឡើងវិញបាន ​ហើយដើម្បីធ្វើដូចនេះ លោកអ្នកគ្រាន់តែចូលទៅកាន់ Settings -> General -> Reset ហើយចុចលើ Reset Network Settings។

៤- លុប និងដំឡើងប្រព័ន្ធ iOS ថ្មីឡើងវិញ

វិធីនេះនឹងលុបចោលទិន្នន័យក៏ដូចជាឯកសារនានាដែលមានក្នុង iPhone X របស់លោកអ្នក។ ប៉ុន្តែ វាក៏នឹងជួយឱ្យម៉ាស៊ីនទូរសព្ទរួចផុតពីបញ្ហាទាំងឡាញទាំងពួង និងដើរលឿនដូចថ្មីអីចឹងដែរ។ ហើយដើម្បីធ្វើដូចនេះ លោកអ្នកត្រូវអនុវត្តតាមជំហានខាងក្រោម៖

– ភ្ជាប់ iPhone X ជាមួយកុំព្យូទ័រ​តាមខ្សែ USB របស់វា រួចបើកដំណើរការកម្មវិធី iTunes (ជំនាន់ចុងក្រោយ)
– សូមចុចលើឈ្មោះ iPhone X របស់អ្នកដែលវានឹងបង្ហាញឡើងលើផ្ទាំងកម្មវិធី iTunes
– សូមចុចលើ Backup រួចរងចាំរហូតដល់ដំណើរការរបស់វាចប់
– សូមចុច Restore រួចរងចាំរហូតដល់ដំណើរការរបស់វាចប់។
បញ្ជាក់: វិធីនេះកុំព្យូទ័ររបស់លោកអ្នកក៏ត្រូវភ្ជាប់ទៅកាន់ប្រព័ន្ធអិុនធើណែតផងដែរ។

 

មតិយោបល់