ព័ត៌មានបច្ចេកវិទ្យា

Google លក់ដាច់ Pixel មួយឆ្នាំមិនស្មើ Apple លក់ iPhone មួយអាទិត្យ

អស់រយ:ពេល ១៦ ខែមកហើយដែលក្រុមហ៊ុន Google ឈានជើងចូលទីផ្សារស្មាតហ្វូនតាមរយ:ស្មាតហ្វូនលំដាប់ខ្ពស់ត្រកូល Pixel។ រហូតមកទល់ពេលនេះ គ្រួសារ Pixel គឺចេញបានពីរស៊េរីមកហើយ ហើយបើទោះជាវាទទួលបានចំណាត់ថ្នាក់ល្អលើលក្ខណ:សម្បត្តិមួយចំនួន ជាពិសេសកម្រិតសមត្ថភាពកាមេរ៉ាក៏ដោយ ក៏ផលិតផលស្មាតហ្វូនក្រុមហ៊ុនអិុនធើណែតយក្សនេះ មិនទទួលបានលទ្ធផលលក់ច្រើនគួរឱ្យកត់សម្គាល់នោះដែរ។

បើយោងតាមរបាយការណ៍លក់ពីនាយកស្រាវជ្រាវទីផ្សារក្រុមហ៊ុន IDC លោក Francisco Jeronimo បានឱដឹងថា ពេញមួយឆ្នាំ ២០១៧ ក្រុមហ៊ុន Google លក់ដាច់ស្មាតហ្វូនស៊េរី Pixel និង Pixel 2 សរុបបានចំនួនតែ ៣.៩ លានគ្រឿងប៉ុណ្ណោះ ខណ:ចំនួនស្មាតហ្វូនលក់ចេញសរុបទូទាំងពិភពលោកមានចំនួន ១.៥ ពាន់លានគ្រឿង។

ជាមួយចំនួនលក់នេះដែរ បើធៀបជាមួយការលក់ iPhone គឺមិនបានស្មើនឹងមួយសប្តាហ៍នោះទេ ដោយបើតាមរបាយការណ៍លក់ក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៧ ក្រុមហ៊ុន Apple លក់ផលិតផលទូរសព្ទដៃរបស់ខ្លួនបានដល់ទៅ ៧៧.៣ លានគ្រឿង បើគិតក្នុងមួយសប្តាហ៍គឺស្មើនឹងជាង ៦ លានគ្រឿងទៅហើយ។

ទោះយ៉ាងនេះក៏ដោយ ការលក់ស្មាតហ្វូន Pixel គឺកើនឡើងទ្វេដងនៅក្នុងឆ្នាំ ២០១៧ នេះបើយោងតាមលោក Jeronimo ឱ្យដឹងបន្ថែម។ ដោយឡែក បើយោងតាមទិន្នន័យចុងក្រោយពីក្រុមហ៊ុន Kantar Worldpanel បានបង្ហាញថា ភាគហ៊ុនក្រុមហ៊ុន Google សម្រាប់ទីផ្សារស្មាតហ្វូននៅអាមេរិក បានកើនឡើងពី ១.៨ ទៅ ២.៨ ភាគរយ។

គួរបញ្ជាក់ថា ថ្មីៗនេះ Google ទើបបានទិញយកក្រុមឯកទេសរចនាស្មាតហ្វូនរបស់ក្រុមហ៊ុន HTC ក្នុងតម្លៃទឹកប្រាក់ ១.១ ពាន់លានដុល្លារ ​ហើយខ្លួនសង្ឃឹមថា នឹងពង្រឹងបច្ចេកវិទ្យាកាមេរ៉ាស្មាតហ្វូន Pixel ឱ្យល្អដាច់គេក្នុងលោក តាមរយ:ការបង្កើតចេញនូវឧបករណ៍ទាក់ទាញបន្ថែមទៀតនៅក្នុងឆ្នាំ ២០១៨ និងទៅថ្ងៃអនាគត៕

ប្រភពព័ត៌មាន: theverge

 

មតិយោបល់