Post News Media ព័ត៌មានបច្ចេកវិទ្យា កំណែ Android ...

កំណែ Android Oreo សម្រាប់ Galaxy S8 ត្រូវបានផ្អាកភ្លាមៗ​ ក្រោយធ្វើឱ្យទូរសព្ទរលត់ឆេះៗ

ក្រុមហ៊ុន Samsung បានសម្រេចបញ្ឈប់ការបើកឱ្យអ្នកប្រើប្រាស់ទូរសព្ទ Galaxy S8 និង S8 Plus ទាញ​យក​នូវកំណែ Android Oreo 8 ដែលទើបតែដាក់ចេញកាលពីថ្ងៃច័ន្ទ បន្ទាប់ពីខ្លួនរកឃើញថា វាធ្វើឱ្យម៉ាស៊ីនទូរសព្ទមួយចំនួនមានបញ្ហា Restart ដោយគ្មានមូលហេតុ។ នេះបើយោងតាមសេចក្តីថ្លែងមួយរបស់ក្រុមហ៊ុនផ្តល់ដល់គេហទំព័រ SamMobile

បញ្ហានោះ ត្រូវបានក្រុមហ៊ុន Samsung គូសបញ្ជាក់ថា កើតឡើងលើ Galaxy S8 និង S8 Plus ក្នុងចំនួនដ៏តិចតួចមួយ ប៉ុន្តែ វាល្មមឱ្យខ្លួនត្រូវផ្អាកការបើកឱ្យអតិថិជនទាញយក ហើយរងចាំកំណែថ្មីមួយផ្សេងទៀត ដែល​វានឹងលុបបំបាត់បញ្ហាកំពុងកើតមានឡើងនេះ។

ទោះយ៉ាងណា កំណែ Android Oreo សម្រាប់ Galaxy ស៊េរី​ S8 មិនទាន់ត្រូវបានបើកឱ្យអ្នកប្រើប្រាស់​ទាញ​យកទូទាំងពិភពលោកនៅឡើយទេ។ ពោលគឺ វាត្រូវបានបញ្ចេញតែនៅក្នុងប្រទេសឥណ្ឌា និងបណ្តាប្រទេសមួយចំនួនតូចនៃតំបន់អឺរ៉ុប និងអាស៊ីបូព៌ាប៉ុណ្ណោះ បន្ទាប់ពីបានសាកល្បងអស់រយ:ពេលជាច្រើនខែ។ ដូច្នេះ ផល​ប៉ះពាល់គួរតែមានទៅលើអ្នកប្រើប្រាស់ក្នុងចំនួនតិចតួចប៉ុណ្ណោះ៕

Loading...