បញ្ហាចាស់ដោះស្រាយរួច បញ្ហាថ្មីក៏ចូលមកដល់។ នេះបានក្លាយទៅជារឿងដ៏សាមញ្ញាទៅហើយសម្រាប់ប្រព័ន្ធ iOS របស់ក្រុមហ៊ុន Apple។
ក្រោយពីបានបញ្ចេញ iOS 11.2.5 ដើម្បីកែបញ្ហាកម្មវិធី Phone លោតចេញព័ត៌មានមិនពេញលេញ សារដំណឹងលោតបាត់ពីអេក្រង់ iPhone X បន្ទាប់ពីអ្នកប្រើប្រាស់ដោះសោដោយប្រើ Face ID ជាដើមរួចមក ឥឡូវគេទើបរកឃើញបញ្ហាធំថ្មីមួយផ្សេងទៀតកំពុងកើតមានលើ iOS កំណែចុងក្រោយនេះ។
បញ្ហានោះគឺ កើតឡើងទៅលើកម្មវិធីផ្ញើសារផ្សេងនៅលើទូរសព្ទ iPhone ដើរដោយប្រព័ន្ធ iOS 11.2.5 ដូចជា iMessage, WhatsApp, Facebook Messenger, Gmail ឬ Outlook ជាដើម ដោយវាធ្វើឱ្យកម្មវិធីទាំងនោះគាំងខូច បន្ទាប់ពីមានសារជាភាសា Telugu ត្រូវបានផ្ញើចូល។
Telugu គឺជាភាសាមួយរបស់ឥណ្ឌាដែលមានប្រជាជនជាង ៧២ លាននាក់កំពុងប្រើប្រាស់ ហើយគេមិនដឹងពីមូលហេតុពិតប្រាកដនោះទេ ថាតើហេតុអ្វីបានជា iOS 11.2.5 មិនអាចអាននិមិត្តសញ្ញានៃភាសានេះបាន។ ពោលគឺ នៅពេលដែលអ្នកប្រើប្រាស់ចុចបើកសារដែលផ្ញើចូលមកជាភាសា Telugu កម្មវិធីនោះនឹងបើកលែងចេញតែម្តង។
Another iOS bug is crashing iPhones and disabling access to iMessage //t.co/9do0xyz7k4 pic.twitter.com/15Ripq7PP8
— Tom Warren (@tomwarren) February 15, 2018
ចំពោះបញ្ហានេះ គឺគេមិនឃើញកើតមាននៅលើ iOS 11.3 នោះទេ ប៉ុន្តែ ជំនាន់នេះឋិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ ហើយគេមិនរំពឹងថា ជំនាន់សម្រេចរបស់វានឹងចេញឆាប់ៗនោះទេ លុះត្រាតែ Apple មានបញ្ហាបន្ទាន់ដែលនាំឱ្យខ្លួនត្រូវប្រញាប់ចេញដូចជា iOS 11.2៕
របៀបដំឡើង iOS 11.3 beta 2 ដោយមិនចាំបាច់មានគណនី Developer
ប្រភពព័ត៌មាន: GSM Arena
មតិយោបល់