Post News Media ព័ត៌មានបច្ចេកវិទ្យា Fan ប្រេន Nok...

Fan ប្រេន Nokia អាចនឹងលង់នឹងរូបរាង 7 Plus ទើបបែកធ្លាយក្តៅៗ

ខណ:ស្មាតហ្វូនប្រេន Nokia ម៉ូឌែលថ្មី ត្រូវគេរំពឹងថានឹងលេចមុខក្នុងព្រឹត្តិការណ៍សាមាជ WMC 2018 ​រូបថត Nokia 7 Plus ដ៏ស៊ីចស៊ី និងគួរឱ្យទាក់ទាញថ្មីមួយសន្លឹក ត្រូវបានគេទម្លាយឱ្យឃើញយ៉ាងច្បាស់ក្រឡែត និងត្រូវបានគេហទំព័រជាច្រើនយកមកចុះផ្សាយព្រោងព្រាត។

តាមរយ:រូបថត និងព័ត៌មានភ្ជាប់មកជាមួយ 7 Plus នោះ ត្រូវបានរចនាឡើងជាមួយអេក្រង់គុណភាពកម្រិត 2K ប្រភេទ 2.5D ទំហំ ៦​ អ៊ីញ ប្រើមាត្រដ្ឋានទ្រវែង 18:9 ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ហើយវាមានគែមអេក្រង់ស្តើង និងជ្រុងទាំង ៤ រាងមូល។

នៅពីលើអេក្រង់មុខ គេឃើញមានកាមេរ៉ាតូចមួយ ចំណែកផ្ទៃសម្បកខាងក្រោយ គឺមានបំពាក់កាមេរ៉ាភ្លោះទំហំ ១២+១៣ មេហ្គាភិចសែល និងបន្ទះស្គេនក្រយៅដៃរាងមូលនៅពីក្រោម ជាមួយ​អក្សរ NOKIA រំលេចដោយពណ៌ទឹកក្រូចយ៉ាងស្រស់ស្អាត។

យោងតាមព័ត៌មានក្រៅផ្លូវការកន្លងមក Nokia 7 Plus នេះ នឹងភ្ជាប់មកជាមួយកម្មវិធី Android One ចេញពីប្រអប់ ប្រើប្រាស់បន្ទះឈីប Snapdragon 660 អមដោយ CPU ជំនាន់ Octa-core ល្បឿន ២.២ ជីហ្គាហឺុត បំពាក់ RAM ទំហំ ៤ ជីហ្គាបៃយ៍ និងមេម៉ូរីជាប់ម៉ាស៊ីនទំហំ ៦៤ ជីហ្គាបៃយ៍ ព្រមជាមួយជម្រើសពណ៌ពីរគឺ គុជខ្យង និងខ្មៅលាយទឹកក្រូច។ សម្រាប់តម្លៃវិញ គឺមិនទាន់ត្រូវបានលាតត្រដាងនៅឡើយទេ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរូបរាង Nokia ដើរដោយប្រព័ន្ធ Android ស៊េរីបន្ទាប់មួយនេះ? តើអាចវិលមកគាំទ្រប្រេនស្មាតហ្វូនដ៏ចំណាស់នេះវិញដែរឬមួយក៏យ៉ាងណា?

Loading...