Post News Media ព័ត៌មានបច្ចេកវិទ្យា SpaceX ត្រៀមប...

SpaceX ត្រៀមបាញ់បង្ហោះផ្កាយរណបអិុនធើណែតសកលដំបូងនៅសប្តាហ៍ក្រោយ

ក្រោយពីបានទទួលជោគជ័យយ៉ាងត្រចះត្រចង់លើការបាញ់បង្ហោះផ្កាយរណបធុនធ្ងន់បំផុតឈ្មោះ Falcon Heavy កាលពីពេលថ្មីៗនេះរួចមក ក្រុមហ៊ុនអវកាស SpaceX កំពុងត្រៀមបេសកកម្មបន្ទាប់របស់ខ្លួន ដោយការបញ្ជូនផ្កាយរណបដែលអាចចែកចាយបណ្តាញអិុនធើណែតជាសកលដំបូងបង្អស់ទៅកាន់គន្លងផែនដីនៅសប្តាហ៍ក្រោយ។

បើយោងតាមលិខិតផ្ញើទៅកាន់គណកម្មការទំនាក់ទំនងនៃរដ្ឋសហ​ព័ន្ធកាលពីសប្តាហ៍មុន និងអាជ្ញាបណ្ណមួយដែលគណកម្មការបានផ្តល់ឱ្យទៅក្រុមហ៊ុនដែលជារបស់មហាសេដ្ឋីវ័យក្មេង Elon Musk ​កាលពីខែវិច្ឆិកា បានបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុនអវកាសឯកជនអាមេរិកមួយនេះ នឹងបាញ់គ្រាប់រ៉ូកែត Falcon 9 នៅថ្ងៃសៅរ៍ក្រោយ ដោយវានឹងពាំផ្កាយរណប Starlink ទៅកាន់លំហអវកាស ជាមួយបេសកកម្មដឹកជញ្ជូនផ្កាយរណប PAZ របស់ប្រទេសអេស្ប៉ាញ។

កាលពីខែមិថុនា ២០១៧ ក្រុមហ៊ុន SpaceX បានប្រកាសប្រាប់ និងពន្យល់ទៅដល់គណកម្មការព្រឹទ្ធសភាអា​មេរិក ពីផែនការបាញ់បង្ហោះផ្កាយរណបរាប់ពាន់ដើម្បីផ្តល់សេវាអិុនធើណែតគ្របដណ្តប់ទូទាំងពិភពលោកនៅចន្លោះឆ្នាំ ២០១៩ និង ២០២៤។

ក្រុមហ៊ុនត្រូវគេដឹងថា ខ្លួនធ្វើបែបនេះគឺមានគោលបំណងដើម្បីកសាងប្រព័ន្ធផ្គត់ផ្គង់សេវាអិុនធើណែត ISP ទៅដល់សកលលោក និងរកលុយដើម្បីទ្រទ្រង់បេសកកម្មទៅកាន់ភពព្រះអង្គារ៕

ប្រភពព័ត៌មាន: thenextweb

Loading...