Post News Media ព័ត៌មានបច្ចេកវិទ្យា ៥ វិធី ដែល AI...

៥ វិធី ដែល AI នឹងផ្លាស់ប្តូរស្មាតហ្វូនក្នុងឆ្នាំ ២០១៨

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬហៅកាត់ថា AI សម្រាប់បំពាក់លើស្មាតហ្វូន គឺជានិន្នាការធំបំផុតមួយដែលក្រុមហ៊ុនផលិតស្មាតហ្វូនធំៗ ក៏ដូចជាអ្នកប្រើប្រាស់ទូទៅកំពុងងាកទៅរក និងផ្តោតការចាប់អារម្មណ៍ខ្លាំងនាពេលបច្ចុប្បន្ន។ ខាងក្រោមនេះ គឺជាមធ្យោបាយ ៥ យ៉ាងដែល AI កំពុងត្រូវបានរចនា និងអភិវឌ្ឍឡើងដើម្បីផ្លាស់ប្តូរសមត្ថភាព និងមុខមាត់ស្មាតហ្វូនដែលនឹងចេញមកឆាប់ៗក្នុងឆ្នាំ ២០១៨ នេះ៖

១- កាមេរ៉ាស្មាតហ្វូននឹងចេះវិភាគលើប្រធានបទរូបថតកាន់តែប្រសើរ

នេះជាសមត្ថភាពដ៏សំខាន់មួយដែលក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួនជាពិសេសក្រុមហ៊ុន LG កំពុងធ្វើការអភិវឌ្ឍវាឡើង ដោយការបំពាក់បន្ថែមនូវប្រព័ន្ធកម្មវិធី AI ដើម្បីជួយឱ្យកម្មវិធីកាមេរ៉ាស្មាតហ្វូនរបស់ពួកគេ ចេះបែងចែកប្រធានបទក្នុងការថតរូបផ្សេងៗគ្នាដូចជា ទាក់ទងទៅនឹងអាហារ ទេសភាព កាំជ្រួច ឬមុខមនុស្ស ជាដើម ហើយវានឹងចេះកែពន្លឺ ពណ៌ ឬការកំណត់ផ្សេងៗដោយស្វ័យប្រវត្តិ ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវរូបថតដែលល្អបំផុត។

២- បកប្រែភាសាពីមួយទៅមួយនៅក្នុងពេលវេលាជាក់ស្តែង

បច្ចុប្បន្ន កម្មវិធីបកប្រែភាសាមានច្រើន ដែលវាអនុញ្ញាតឱ្យលោកអ្នកថតរូបភាពអក្សរនៃភាសាមួយ បកប្រែទៅជាភាសាមួយផ្សេងទៀត។ ប៉ុន្តែកម្មវិធីទាំងនោះ វាត្រូវការភ្ជាប់អ៊ិនធឺណិត។ ខុសពីទូរសព្ទបំពាក់ប្រព័ន្ធបច្ចេកវិទ្យា AI មួយចំនួន ដែលគ្រោងចេញក្នុងឆ្នាំនេះ ដោយវានឹងមានសមត្ថភាពបកប្រែភាសាផ្សេងគ្នា ក្នុងពេលវេលាពិតប្រាកដ ដោយមិនចាំបាច់ត្រូវការតភ្ជាប់អ៊ីធឺណិតឡើយ។

៣- ជួយសម្រួលកិច្ចការប្រចាំថ្ងៃលោកអ្នក

ប្រព័ន្ធ AI ត្រូវបានរចនាឡើងដើម្បីរៀន និងសម្របខ្លួនជាមួយអ្នកប្រើប្រាស់ទៅតាមពេលវេលា។ លើស្មាតហ្វូនមួយ AI នឹងស្វែងយល់ពីទម្លាប់នៃការប្រើប្រាស់ ឬរស់នៅរបស់លោកអ្នក។ បន្ទាប់មក វានឹងចាប់ផ្តើម​ជួយ​សម្រួល ឬបំពេញការងារផ្សេងៗទៅតាមអ្វីដែលលោកអ្នកចង់បានពីមួយថ្ងៃទៅមួយថ្ងៃ និងអាចបត់បែនតាមចំណង់ចំណូលចិត្តរបស់លោកអ្នកតាមពេលវេលាទៀតផង។ តួយ៉ាងដូចជា វានឹងបិទសំឡេងរោទិ៍ទូរសព្ទ ពេលលោកអ្នកកំពុងឋិតក្នុងការិយាល័យធ្វើការ បើកប៊្លូធូសពេលលោកអ្នកចូលដល់ក្នុងផ្ទះ ឬបិទផ្តាច់ដំណើរការកម្មវិធីផ្សេងៗពេលលោកអ្នកឈប់ប្រើរៀងរាល់មួយម៉ោងពីរជាដើម។

៤- មុខងារស្គេនមុខកាន់តែមានច្រើនលើស្មាតហ្វូន

iPhone X របស់ក្រុមហ៊ុន Apple ប្រើប្រាស់នូវប្រព័ន្ធលក្ខខណ្ឌគ្រប់គ្រងដោយបច្ចេកវិទ្យា AI សម្រាប់ថតចំណាំផ្ទៃមុខមនុស្ស​ និងសម្គាល់មុខមាត់ដែលអាចនឹងមានការផ្លាស់ប្តូរតាមកាលវេលា។ បច្ចេកវិទ្យាបែបនេះ នឹងលេចចេញកាន់តែច្រើនលើស្មាតហ្វូនស៊េរីឆ្នាំ ២០១៨ ជាក់ស្តែង​ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ដែលត្រូវបានបង្ហាញជាមួយការអះអាងថា នឹងមានភាពទំនើប និងវៃឆ្លាតជាងបច្ចេកវិទ្យាស្គេនមុខរបស់ Apple ទៅទៀត។

៥- ជំនួយការសំឡេងឌីជីថលធ្វើការតាមពាក្យបញ្ជាជាសំឡេងបានកាន់តែច្រើន

កម្មវិធី​ Siri, Google Assistant, Cortana និង Alexa ជាដើមកំពុងត្រូវបានអភិវឌ្ឍឱ្យកាន់តែមានសមត្ថភាព និងភាពវៃឆ្លាត ដោយការច្របាច់បញ្ចូលជាមួយប្រព័ន្ធ AI។ វានឹងមិនត្រឹមតែចេះស្វែងរកព័ត៌មានតាមការសួរនាំជាសំឡេងប៉ុណ្ណោះទេ ប៉ុន្តែ នឹងថែមទាំងចេះធ្វើការងារដូចជា កាម៉្មង់អ្វីៗតាមអនឡាញ ស្វែង​រកបទចម្រៀងជាក់លាក់ណាមួយ និងវាយសារជាអក្សរជំនួសលោកអ្នកជាដើម។ល៕

ប្រភពព័ត៌មាន: gadgettnow

 

Loading...