ព័ត៌មានបច្ចេកវិទ្យា

Sony បង្ហើបពីរចនាបទស្មាតហ្វូនដ៏អាថ៍កំបាំងថ្មីមួយ មុនព្រឹត្តិការណ៍ MWC មកដល់

នៅក្នុងវីដេអូបែបពញាក់អារម្មណ៍ដ៏ខ្លីមួយបង្ហោះផ្សាយលើទំព័រ Twitter ផ្លូវការរបស់ខ្លួនឈ្មោះ SonyXperia ក្រុមហ៊ុន Sony បានរំលេចឱ្យឃើញរចនាបទដ៏ចម្លែកមួយ ដែលមានលក្ខណ:ជាខ្សែត្រង់ ហើយបន្តិចម្តងៗ វាបានផ្លាស់ប្តូរជាកោងវិញ។

គេពិបាកនឹងសន្ឋិដ្ឋានថា វីដេអូនោះចង់និយាយអំពីអ្វីឱ្យពិតប្រាកដណាស់ ប៉ុន្តែ គេហ៊ានសន្និដ្ឋានថា Sony មានអ្វីមួយពិសេសលើផលិតផលស្មាតហ្វូនស៊េរីឆ្នាំ ២០១៨ របស់ខ្លួន ដែលនឹងបង្ហាញចេញនាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំខាងមុខ នាទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។

កន្លងមក មានព័ត៌មានក្រៅផ្លូវការជាច្រើនបានលើកឡើងថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ជប៉ុននឹងផ្លាស់ប្តូររចនាបទទូរសព្ទ Xperia រាងជ្រុងរបស់ខ្លួន ដែលបានរក្សាមកជាច្រើនឆ្នាំនោះចេញ ហើយជំនួសមកវិញនូវរចនាបទថ្មីមិនធ្លាប់មាន។

ទាក់ទងទៅនឹងព័ត៌មានចចាមអារ៉ាម និងដោយផ្អែកលើវីដេអូតម្រុយរយ:ពេល ២៣ វិនាទី ដែលមានរូបបាទដៃដាក់ទ្រខ្សែកោងឆ្នូតៗផងនោះ គេរំពឹងថា Sony នឹងបញ្ចេញទូរសព្ទ Xperia ដែលមានរចនាបទសម្បកខាងក្រោយកោង ដើម្បីងាយស្រួលក្នុងការចាប់កាន់ប្រើប្រាស់លើប្រអប់ដៃ។

គួររំឭកថា ក្រុមហ៊ុន Sony ត្រូវគេរំពឹងថា នឹងធ្វើការបើកបង្ហាញស្មាតហ្វូនលំដាប់ថ្នាក់ខ្ពស់ស៊េរីថ្មីរបស់ខ្លួន រួមមានម៉ូឌែល Xperia XZ1 Premium, XZ1 Plus, និង XZ1s នៅឯព្រឹត្តិការណ៍សមាជទូរសព្ទចល័តពិភពលោក WMC 2018 ដែលនឹងប្រព្រឹត្តិពីថ្ងៃទី ២៦ កុម្ភ: ដល់ថ្ងៃទី ០១ មិនា។ ក្នុងនោះ ម៉ូឌែល Premium នឹងក្លាយជាស្មាតហ្វូនទំនើបបំផុតក្នុងចំណោមស្មាតហ្វូនស៊េរីឆ្នាំ ២០១៨ របស់ក្រុមហ៊ុន ដោយវានឹងបំពាក់អេក្រង់ទំហំ ៥.៥ អ៊ីញ ប្រើខ្នាតបញ្ចាំងរូបភាពកម្រិត 4K (២១៦០x៣៨៤០ភិចសែល) ផ្តល់ថាមពលដំណើរការដោយបន្ទះឈីប Snapdragon 845 ដែលជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Qualcomm, RAM ទំហំ ៦ ជីហ្គាបៃយ៍, មេម៉ូរីជាប់ម៉ាស៊ីនទំហំ ១២៨ ជីហ្គាបៃយ៍ និងកាមេរ៉ាភ្លោះនៅខាងក្រោយម្ខាងៗទំហំ​ ១២ មេហ្គាភិចសែល ជាមួយបន្ទះស្គេនក្រយៅដៃឋិតនៅខាងក្រោយ។

ដោយឡែក XZ1 Plus និង XZ1s ត្រូវគេរាយការណ៍ថា នឹងបំពាក់កាមេរ៉ាក្រោយភ្លោះ ព្រមទាំងបន្ទះស្គេនដូចជា XZ1 Premium អីចឹងដែរ ប៉ុន្តែ XZ1 Plus មានថាមពលខ្លាំង និងធំជាង XZ1s ដោយ វាមានអេក្រង់ទំហំ ៥.៥​ អ៊ីញ ខ្នាត Full HD និងប្រើបន្ទះឈីប Snapdragon 845 ខណ: XZ1s ប្រើអេក្រង់ទំហំ ៥.២ អ៊ីញ ខ្នាត Full HD និងបន្ទះឈីប Snapdragon 835។ ម៉ូឌែលទាំងពីរនេះ ត្រូវគេរំពឹងថា នឹងប្រើ RAM និងមេម៉ូរីជាប់ម៉ាស៊ីនទំហំ ៤/៦៤ ជីហ្គាបៃយ៍។

គួររំឭកផងដែរថា ស្មាតហ្វូនលំដាប់កំពូលស៊េរីឆ្នាំ ២០១៨ របស់ក្រុមហ៊ុន Sony បើតាមរូបរាងក្រាហ្វិកបែកធ្លាយចុងក្រោយ គឺវាមានការកែប្រែរចនាបទយ៉ាងធំធេង ធៀបនឹងជំនាន់មុនៗ ជាពិសេស ផ្ទៃអេក្រង់របស់វាគឺធំលាតកប់គែមសងខាង និងបន្សល់ទុកស៊ុមលើក្រោមដ៏តូចប៉ុណ្ណោះ ដែលនេះ អាចជាកិច្ចខំប្រឹងប្រែងថ្មីរបស់ក្រុមហ៊ុនក្នុងការប្រកួតប្រជែងលើទីផ្សារ ខណ:អ្នកប្រើប្រាស់ស្មាតហ្វូនបច្ចុប្បន្ន និយមទូរសព្ទដែលមានស៊ុមអេក្រង់ស្តើង៕

 

មតិយោបល់