ព័ត៌មានបច្ចេកវិទ្យា

Sony ចេញ Xperia XZ2 និង XZ2 Compact រចនាបទថ្មីស្ទើរទាំងស្រុង

ក្រោយពីបែកធ្លាយព័ត៌មានចចាមអារ៉ាមជាហូរហែរួចមក នៅថ្ងៃទី ២៦ កុម្ភ: ក្រុម​ហ៊ុន Sony បានបង្ហាញមុខស្មាតហ្វូនលំដាប់កំពូលជំនាន់ថ្មីរបស់ខ្លួនចំនួន២ ម៉ូឌែល: Xperia XZ2 ​អេក្រង់ទំហំ ៥.៧ អីុញ និង XZ2 Compact ​អេក្រង់ទំហំ ៥ អីុញ។

ខុសពីរូបរាងរចនាបទគំរូដែលមានអេក្រង់កប់គែម XZ2 និង XZ2 Compact ត្រូវបានបញ្ចេញម៉ូដខុសប្លែកពី Xperia ដទៃស៊េរីណាៗទាំងអស់ ដោយវាមានគែមមូល និងខ្នងកោងបន្តិច ហើយអេក្រង់រាងវែង ប្រើមាត្រដ្ឋាន 2:1 ដែលអាចជួយកាត់បន្ថយកម្រាស់ស៊ុមអេក្រង់ខាងមុខបានមួយចំណែក។

ដោយសារតែវាជាកំពូលស្មាតហ្វូន Xperia ទាំងពីរ ត្រូវបានបំពាក់ជាមួយបន្ទះឈីប Snapdragon 845 ដែលមានសមត្ថភាពខ្ពស់ជាង Snapdragon 835 ច្រើន មិនថាកម្រិតល្បឿនប្រតិបត្តិការ ឬក្រាហ្វិចនោះទេ ហើយល្បឿន Wi-Fi និង 4G គឺលឿនជាងមុន ២០%។

Sony តែងតែផ្តោតទៅលើការកម្សាន្ត ដោយម៉ូឌែលចុងក្រោយនេះ គឺប្រើប្រាស់ប្រព័ន្ធសំឡេង S-Force Front Surround និងប្រព័ន្ធកាមេរ៉ា Motion Eye ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ Sony អាចផ្តិតយករូបភាពវីដេអូខ្លាំងមិនធ្លាប់មានកម្រិត HDR ខ្នាត 4K និងល្បឿន 960fps សម្រាប់វីដេអូខ្នាត 1080p។

សម្រាប់តម្លៃវិញ​ ក្រុមហ៊ុនមិនទាន់ប្រកាសឱ្យដឹងជាសាធារណ:នៅឡើយទេ ប៉ុន្តែ ថាវានឹងចេញលក់នៅក្នុងខែមីនាខាងមុខ។ គួរបញ្ចាក់ថា ជំនាន់មុនរបស់វា Xperia XZ1 និង XZ1 Compact កាលពីចេញដំបូង វាមានតម្លៃ ៧០០ និង ៦០០ ដុល្លារ ដូច្នេះ XZ2 និង XZ2 Compact អាចនឹងមានតម្លៃប្រហាក់ប្រហែលគ្នា៕

ប្រភពព័ត៌មាន: phonearena

មតិយោបល់