ព័ត៌មានបច្ចេកវិទ្យា

Apple នឹងចេញកាសត្រចៀកផ្ទាល់ខ្លួនថ្មីស្រឡាង!

យោងតាម Apple Insider បានឱ្យដឹងថា Apple គ្រោងនឹងបើកបង្ហាញកាសស្តាប់ត្រជាក់សម្រាប់ពាក់លើក្បាលដែលមានការរចនាម៉ូដថ្មីស្រឡាងតែម្តង បន្ទាប់​​​ពីខ្លួនទទួលបានជោគជ័យលើកាស AirPods។

Apple Insider បានស្រង់សម្តីរបស់អ្នកទម្លាយព័ត៌មានសម្ងាត់មកពីក្រុមហ៊ុន KGI Security ដ៏ល្បីល្បាញគឺលោក Kuo ថា Apple នឹងចេញកាសត្រចៀកគុណភាពកម្រិតខ្ពស់ថ្មីមួយ ជាមួយការរចនាថ្មីទាំងស្រុង បន្ថែមពីលើសែស្រឡាយឧប​ករណ៍សំឡេងដែលខ្លួនមានស្រាប់។

ទោះយ៉ាងណា កាលបរិច្ឆេទនៃថ្ងៃប្រកាសចេញ គឺមិនទាន់ត្រូវបានលាតត្រដាងនៅឡើយទេ ប៉ុន្តែ Kuo ជឿថា ផលិតផលថ្មីនោះ គឺមិនទំនងជាប្រកាសចេញអំឡុងត្រីមាសទី៤ ឆ្នាំ ២០១៨ នោះទេ។

ដោយឡែកសម្រាប់ព័ត៌មានផ្សេងទៀតដែលទាក់ទងទៅនឹងប្រភេទ hardware និងវត្ថុធាតុផ្សំរបស់តួកាស រួមទាំងព័ត៌មានដទៃផ្សេងទៀតដែលលោកអ្នកចង់ដឹង គឺមិនទាន់ដឹងនៅឡើយទេ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ Apple ពុំទាន់មានកាសពាក់ក្បាលដែលប្រើម៉ាកសញ្ញាសម្គាល់រូបផ្លែប៉ោមផ្ទាល់ខ្លួននោះទេ។ កាសដែលក្រុមហ៊ុនមានគឺជាម៉ាក Beat ផលិតឡើងដោយក្រុមហ៊ុនដទៃដែល Apple បានទិញយកកាលពីពេលកន្លងទៅ៕

ប្រភពព័ត៌មាន: inquisitr

មតិយោបល់