ព័ត៌មានបច្ចេកវិទ្យា

សិស្សសាលា Stanford តវ៉ាមុខហាង Apple ប្រឆាំងការញៀន iPhone

និស្សិតនៃសកលវិទ្យាល័យ Stanford រដ្ឋ California សហរដ្ឋអាមេរិក មួយក្រុម កាលពីសប្តាហ៍មុននេះ បានប្រមូលផ្តុំគ្នានៅមុខអគារ Apple Store មួយកន្លែង នាទីក្រុង Palo Alto ដើម្បីតវ៉ាប្រឆាំងនឹងការផលិតចេញទូរសព្ទ iPhone ដែលនាំឱ្យមនុស្សម្នាវក់នឹងការប្រើប្រាស់វា។

យុវនិស្សិតមួយក្រុមដែលបានតាំងឈ្មោះឱ្យក្រុមខ្លួនថា Stanford Students Against Addictive Devices ឬហៅកាត់ថា SSAAD បានស្តីបន្ទោសក្រុមហ៊ុន Apple ដែលមិនបានចាត់វិធានការទប់ស្កាត់អ្នកប្រើប្រាស់ពីការឆែកទូរសព្ទដៃ iPhone និងថេប្លេត iPad របស់ពួកគេមិនឈប់ឈរ។

ក្រុមនិសិ្សតទាំងនោះ បានលើកបាដានៅពីមុខហាងលក់ផលិតផល Apple នោះ ដោយទាមទារឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៃប្រទេសខ្លួន រិះរកមធ្យោបាយបញ្ឈប់អ្នកមាន iPhone ប្រើក្នុងដៃ លែងវក់វីតែលើអេក្រង់ទូរសព្ទរបស់ពួកគេ។​

និស្សិតឆ្នាំទី៤ ម្នាក់ឈ្មោះ Sanjay Kannan បានបង្ហាញលទ្ធផលស្ទាប់ស្ទង់មតិនៅឆ្នាំ ២០១៦ ដែលរៀបចំឡើងដោយប្រព័ន្ធផ្សព្វផ្សាយ Common Sense Media ដែលរកឃើញថា យុវជន ៥០% ញៀននឹងទូរសព្ទដៃរបស់ពួកគេ ខណ:​ឱពុក​ម្តាយ ៦៩% តែងតែឆែកទូរសព្ទរបស់ខ្លួនជារៀងរាល់ម៉ោង។

ក្រុម SSAAD បានស្នើទៅ Apple ដាក់បញ្ចូលនូវកម្មវិធីលើ iPhone មួយ ដែល​អាចតាមដានការប្រើប្រាស់ទូរសព្ទ និងរាយការណ៍លម្អិតពីលំនាំនៃការប្រើប្រាស់ផ្សេងៗរបស់អ្នកប្រើប្រាស់។

បច្ចុប្បន្ន ម្ចាស់ទូរសព្ទ iPhone អាចត្រឹមតែតាមដានរយ:ពេលដែលពួកគេប្រើប្រាស់កម្មវិធីនីមួយៗគិតជាភាគរយ ដូចជាភាគរយនៃការប្រើប្រាស់ថាមពលថ្ម​សរុបរយ:ពេល ២៤ ម៉ោងក្នុងមួយសប្តាហ៍។

កាលពីខែមករា Apple បាននិយាយថា ខ្លួនកំពុងរកមើលនូវវិធីសាស្រ្តដើម្បីផ្តល់នូវ​បទពិសោធន៍កាន់តែប្រសើរទៅដល់អតិថិជនខ្លួន។ ក្រុមហ៊ុនមានមុខងារ និងកំណែកម្មវិធីថ្មីៗមួយចំនួនដែលបានគ្រោងឡើងសម្រាប់ថ្ងៃអនាគត ហើយខ្លួនគិ​ត​​យ៉ាងល្អិតល្អន់អំពីថាតើអតិថិជនប្រើផលិតផលរបស់ខ្លួនតាមរបៀបណា ហើយ​​តើពួកគេ និងមនុស្សនៅជុំវិញមានរងផលប៉ះពាល់ពីផលិតផលរបស់ខ្លួនដែរ​ឬក៏​អត់​៕

ប្រភពព័ត៌មាន: AppleInsider

មតិយោបល់