ព័ត៌មានបច្ចេកវិទ្យា

របៀបចុចបិទការហៅទូរសព្ទចូលលើ iPhone ពេលជាប់សោ

លោកអ្នកមួយចំនួនប្រហែលជាមិនបានកត់សម្គាល់ទេថា ពេលមានការហៅទូរសព្ទចូលមក iPhone របស់ខ្លួនម្តងៗ ពេលខ្លះប៊ូតុង Decline (បដិសេធ) និង Accept (ទទួល) បង្ហាញឡើងព្រមគ្នា តែពេលខ្លះប៊ូតុង Decline មិនបង្ហាញចេញ។
មែនទែនទៅ ប៊ូតុង Decline នេះ មិនលេចឡើងនៅពេលមានការហៅទូរសព្ទចូលចំពេលអេក្រង់កំពុងជាប់សោនោះទេ ហើយលោកអ្នកនឹងឃើញតែ​ប៊ូតុង​អូស​ពីខាងឆ្វេងមកស្តាំដើម្បីចុចទទួលទូរសព្ទប៉ុណ្ណោះ។ ប៉ុន្តែ វានឹងលេចចេញព្រមគ្នាជាមួយប៊ូតុង Accept នៅពេលដែលអេក្រង់មិនជាប់សោ។

ទាក់ទងទៅនឹងភាពខុសគ្នានេះ អ្នកប្រើប្រាស់មួយចំនួនអាចនឹងឆ្ងល់ ពិបាករកវិធីបដិសេធការហៅទូរសព្ទចូលនៅពេលអេក្រង់កំពុងជាប់សោ ដោយសារប៊ូតុង Decline មិនបង្ហាញឡើង ហើយមានតែប៊ូតុង Remind Me និង Message សម្រាប់រំឭកឱ្យលោកអ្នកហៅទូរសព្ទត្រឡប់ទៅវិញពេលក្រោយ និងផ្ញើសារតបទៅអ្នកហៅទូរសព្ទចូល។

មែនទែនទៅ​ លោកអ្នកក៏អាចចុចបិទការហៅចូលក្នុងពេលអេក្រង់ទូរសព្ទកំពុងជាប់សោបានផងដែរ បើទោះជាប៊ូតុង Decline ពុំមានក៏ដោយ ហើយលោកអ្នកអាចធ្វើបែបនេះតាមពីររបៀប ដែល Post Tech សូមបង្ហាញជូនដូចខាងក្រោម៖

១- នៅពេលដែលមានការហៅទូរសព្ទចូលចំពេលអេក្រង់ ឬទូរសព្ទកំពុងចាក់សោ លោកអ្នកអាចចុចលើប៊ូតុងដែលឋិតនៅគែមទូរសព្ទ (ប៊ូតុង Sleep/Wake/Power) ចំនួនម្តង នោះសំឡេងរោទិ៍ទូរសព្ទនឹងលែងបន្លឺឡើង ហើយចុចម្តងទៀត នោះការហៅទូរសព្ទចូលនឹងបញ្ឈប់ភ្លាមៗតែម្តង។

២- លោកអ្នកអាចធ្វើដូចនេះបានជាមួយខ្សែកាស EarPods នៅពេលដែលវា​ដោតជាមួយទូរសព្ទ iPhone របស់លោកអ្នក ដោយគ្រាន់តែចុចសង្កត់ជាប់ប្រហែល ២ វិនាទីលើប៊ូតុងកណ្តាល ចន្លោះប៊ូតុងបន្ថែម និងបន្ថយសំឡេង នោះជាការស្រេច៕

ប្រភពព័ត៌មាន: iPhoneHacks

មតិយោបល់