ព័ត៌មានបច្ចេកវិទ្យា

Vivo V9 បែកធ្លាយរូបថតពិត មុនថ្ងៃប្រកាស ២៧ មីនា

ស្មាតហ្វូន Vivo V9 លំដាប់ថ្នាក់ខ្ពស់មួយម៉ូឌែលនេះ ដែលទើបប្រកាសថានឹង​ចែក​ចាយលើទីផ្សារនៃប្រទេសឥណ្ឌានាថ្ងៃទី ២៧ មីនា នៅប៉ុន្មានថ្ងៃនេះ ឥឡូវវាត្រូវបានគេទម្លាយរូបថតជាក់ស្តែងប៉ុន្មានសន្លឹក ដែលបង្ហាញពីរចនាបទអេក្រង់ដ៏គួរឱ្យទាក់ទាញ បន្ថែមពីលើកាមេរ៉ាភ្លោះរាងបឈ្ឈរ និងសម្បកលោករលើបរលោង។

តាមរូបថតដែលបានរំលេចឡើងលើគេហទំព័រ GSM Arena ស្មាតហ្វូនម៉ូឌែលថ្មីនេះ គឺមានផ្ទៃអេក្រង់ធំលាតផុតគែម ហ៊ុមព័ទ្ធដោយស៊ុមដ៏ស្តើង និងឆកត្រង់ផ្នែកខាងលើ ស្រដៀងនឹង iPhone X អីចឹងដែរ គ្រាន់តែវាតូចជាងប៉ុណ្ណោះ។

ចំណែកគែមអេក្រង់ខាងក្រោម គឺស្តើង និងរំលេចដោយប៊ូតុងបញ្ជានៅលើកញ្ចក់អេក្រង់ ពុំមានប៊ូតុង Home អ្វីទេ ហើយបន្ទះស្កេនក្រយៅដៃគឺត្រូវបានបំពាក់នៅតួទូរសព្ទខាងក្រោម លើឡូហ្គូ VIVO ដ៏ស្រស់ស្អាត។

នៅគែទូរសព្ទខាងក្រោម គឺគេឃើញមានរន្ធកាសប្រភេទ 3.5mm និងរន្ធ USB ប្រភេទ MicroUSB ហើយកាមេរ៉ាមុខរបស់វា ត្រូវគេរាយការណ៍ថា មានទំហំ ២៤ មេហ្គាភិចសែល មានរន្ធស៊ីមកាតពីរ និងរន្ធស៊កកាត MicroSD មួយ។

Vivo V9 នឹងដាក់លក់នៅប្រទេសឥណ្ឌាក្នុងតម្លៃ ២៥,០០០ រ៉ូពី ឬស្មើនឹង ៣៤៧ ដុល្លារអាមេរិក៕

 

 

មតិយោបល់