Post News Media ព័ត៌មានបច្ចេកវិទ្យា OnePlus 5 &am...

OnePlus 5 & 5T ទទួលបានកំណែ Android 8.1 Open Beta

ក្រុមហ៊ុន OnePlus បានចាប់ផ្តើមបញ្ចេញកំណែថ្មីនៃប្រព័ន្ធ Android ជំនាន់ Oreo 8.1 Open Beta 6 សម្រាប់ OnePlus 5 និង Open Beta 4 សម្រាប់ OnePlus 5T នៅថ្ងៃនេះ។ កំណែប្រព័ន្ធប្រតិបត្តិការចល័តរបស់ក្រុមហ៊ុន Google ថ្មីសម្រាប់កំពូលស្មាតហ្វូនទាំងពីរម៉ូឌែលនេះ ផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសក្នុងការទទួលយកវា (មិន​ Update ដោយស្វ័យប្រវត្តិ) ដោយពួកគេចាំបាច់ត្រូវបើក​ឱ្យ 5 និង 5T ទទួលយកការ Update ធ្វើជាផ្នែកមួយនៃកម្មវិធី Open Beta សម្រាប់ប្រព័ន្ធប្រតិបត្តិការ OxygenOS ដែលជាប្រព័ន្ធ Android អភិវឌ្ឍបន្ថែមដោយក្រុមហ៊ុន OnePlus។

សម្រាប់កំណែថ្មីនេះដែរ គឺវាពាំនាំមកជាមួយនូវមុខងារ និងសមត្ថភាពថ្មីៗជាច្រើន​ដូចជា៖
– Android 8.1 Oreo
– កម្មវិធីការពារសន្តិសុខប្រព័ន្ធចេញក្នុងខែកុម្ភ: ២០១៨
– មុខងារទទួលការហៅទូរសព្ទចូលដោយស្វ័យប្រវត្តិតាមកាយវិការ (គ្រាន់តែលើកទូរសព្ទដាក់ក្បែរត្រចៀកវានឹងចុចទទួលដោយឯកឯង)
– បន្ថែមម៉ូដនាឡិកាពេលអេក្រង់លោតជាប់សោ ឬលើផ្ទាំង Home screen
– កែកំហុសឆ្គងទូទៅ និងធ្វើឱ្យដំណើរការប្រព័ន្ធកម្មវិធីកាន់តែប្រសើរឡើង
– មានបន្ថែមកម្មវិធី OnePlus Switch ដែលគាំទ្រការផ្ទេរទិន្នន័យកម្មវិធីទៅវិញទៅមករវាងឧបករណ៍ Android មួយទៅមួយ។

សម្រាប់ OnePlus 5T អ្នកប្រើប្រាស់នឹងទទួលបាននូវប្រព័ន្ធបញ្ជាតាមកាយវិការលើផ្ទៃអេក្រង់។ នៅពេលមុខងារនេះបើក ពួកគេអាចប្រើកាយវិការម្រាមដៃជំនួសឱ្យប៊ូតុងទាំង ៣ របស់ប្រព័ន្ធ Android បាន ដែលវារួមមានប៊ូតុង Back, Home, និង Multitasking។ ឧទាហរណ៍ នៅពេលពួកគេអូសអេក្រង់ពីក្រោមឡើងលើ វានឹងលោតមកផ្ទាំង Home Screen ស្រដៀងនឹងកាយវិការប្រើលើ iPhone X អីចឹងដែរ៕

ប្រភពព័ត៌មាន: AndroidCentral

Loading...