ព័ត៌មានបច្ចេកវិទ្យា

Oppo F7 អ្នកឯកទេសអត្តថតរូបជំនាន់ថ្មី អេក្រង់ឆកពេញគែម កាត់តាម R15

Oppo F7 អ្នកឯកទេសអត្តថតរូប ឬ Selfie Expert គឺជាពាក្យពេចន៍ឃោសនានៅលើរូបភាពផ្សព្វផ្សាយថ្មីមួយ ដែលត្រូវបានបង្ហោះចេញលើទំព័រ Twitter ផ្លូវការរបស់ក្រុមហ៊ុននៅប្រទេសឥណ្ឌា Oppo India។

តាមរយ:រូបរាងដែលត្រូវបានរំលេចចេញនោះ F7 មានរចនាបទអេក្រង់ឆកខាងលើបន្តិច និងមានគែមខាងក្រោមស្តើង ឯគែមអេក្រង់សងខាងគឺពេញផ្ទៃតែម្តង ដែលវាគឺស្រដៀងទៅនឹងស្មាតហ្វូនម៉ូឌែល R15 របស់ក្រុមហ៊ុនដូច្នោះដែរ។

នៅក្នុងសេចក្តីអធិប្បាយទៅលើរូបភាពបែបពញ្ញាក់អារម្មណ៍នោះដែរ ក្រុមហ៊ុនក៏បានប្រាប់ឱ្យដឹងពីកាលបរិច្ឆេទនៃថ្ងៃប្រកាសចេញទូរសព្ទលំដាប់កំពូលរបស់ខ្លួនថា ទំនងជានឹងរៀបចំធ្វើឡើងនៅថ្ងៃទី ២៦ មីនាខាងមុខ។

យោងតាមព័ត៌មានក្រៅផ្លូវការកន្លងមកបានឱ្យដឹងថា Oppo F7 នឹងបំពាក់អេក្រង់ខ្នាត FHD+ ទំហំ ៦.២ អីុញ ប្រើមាត្រដ្ឋាន 19:9 និងមានផ្ទៃស្មើនឹង ៨៩.០៩% នៃផ្ទៃតួខាងមុខ។ ជាមួយអេក្រង់ឆកកណ្តាលផ្នែកខាងលើ F7 ត្រូវគេអះអាងថា នឹងបំពាក់កាមេរ៉ាមុខទំហំ ២៥ មេហ្គាភិចសែល ភ្ជាប់ជាមួយមុខងារ AI, Real-Tile HDR និងកែខៃសម្រស់បែបធម្មជាតិ ជាមួយមុខងារបន្ថែមរូបតុក្កតានិម្មិត AR ជាច្រើនផ្សេងទៀត។

គេពុំទាន់ដឹងពីសមាសធាតុ Hardware ខាងក្នុងរបស់វានៅឡើយទេ ក្រៅពីរំពឹងទុកថាដូចនឹង R15 ដែលបំពាក់បន្ទះឈីប Snapdragon 670 ឬ MediaTek Helio P6 ហើយដើរដោយប្រព័ន្ធ Android Oreo និងផ្ទាំងកម្មវិធីប្រើប្រាស់ Color OS 4.0៕

ប្រភពព័ត៌មាន: gizmochina

មតិយោបល់