ព័ត៌មានបច្ចេកវិទ្យា

Facebook ត្រៀមខ្លួនរួចរាល់ក្នុងការបញ្ចេញមាតិកាវីដេអូព័ត៌មានពិសេស

ក្រុមហ៊ុន Facebook ត្រូវគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ចេញនូវសេវាកម្មបង្ហោះវីដេអូព័ត៌មាននៅលើបណ្តាញសង្គមរបស់ខ្លួន តាមរយ:ការបង្កើតចេញនូវជំពូកថ្មីមួយឈ្មោះថា Facebook Watch ក្រោមកិច្ចសហការជាមួយដៃគូប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាង ១០ ស្ថាប័ន។

ការចាប់ដៃគូនេះ គឺជាចំណុចចាប់ផ្តើមរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្សអាមេរិកក្នុងការពង្រីកសេវាកម្មរបស់ខ្លួនចូលទៅក្នុងវិស័យព័ត៌មាន បន្ទាប់ពីខ្លួនបានដាក់បន្ថែមនូវមុខងារ Instant Articles និង​ Facebook Live នាពេលកន្លង​មក។

ក្រុមហ៊ុន Facebook នឹងដៃគូស្ថាប័នបោះពុម្ពផ្សាយទាំងនោះ ត្រូវគេរាយការណ៍បន្ថែមថា កំពុងធ្វើការជាមួយគ្នាជុំវិញគ្រោងការចាយវាយថវិកា និងការរកចំណូល​ចេញពីផលិតផលថ្មីនោះ។ បើយោងតាមកិច្ចព្រមព្រៀងបច្ចុប្បន្ន ចំណូលដែលបានមកពី Facebook Watch ក្រុមហ៊ុន Facebook នឹងទុក ៤៥% ហើយក្រុមហ៊ុនបោះពុម្ពផ្សាយនឹងទទួលបាន ៥៥%។

លោក Campbell Brown ប្រមុខដឹកនាំទំនាក់ទំនងដៃគូលើសេវាកម្មព័ត៌មានរបស់ក្រុមហ៊ុន Facebook បាននិយាយថា៖ ការបង្កើតចេញជំពូកវីដេអូនេះ គឺជាជំហានចុងក្រោយនៅក្នុងយុទ្ធសាស្រ្តរបស់យើងដើម្បីបង្កើតការវិនិយោគបាញ់ឆ្ពោះទៅគោលដៅផលិតកម្មវិធីប្រភេទថ្មីៗដាក់លើ Facebook Watch ហើយវាជាផ្នែកមួយឋិតក្នុងកិច្ចខំប្រឹងប្រែងរបស់ខ្លួនក្នុងការគាំទ្រការផលិតព័ត៌មានដែលមានគុណភាពលើបណ្តាញសង្គម៕

ប្រភពព័ត៌មាន: cultomac

មតិយោបល់