ព័ត៌មានបច្ចេកវិទ្យា

Samsung នឹងចាប់ផ្តើមសាងសង់ខ្សែចង្វាក់ផលិតកម្មបន្ទះឈីបមេម៉ូរីថ្មីនៅចិនខែនេះ

ក្រុមហ៊ុន Samsung គ្រោងនឹងចាប់ផ្តើមសាងសង់ខ្សែចង្វាក់ផលិតកម្មបន្ទះ​ឈីប​មេម៉ូរីថ្មីនៅក្នុងប្រទេសចិន នាចុងខែមីនានេះ ខណ:ក្រុមហ៊ុនកំពុងបង្កើនកិច្ចខំប្រឹងប្រែងជំរុញការអភិវឌ្ឍបច្ចេកវិទ្យា NAND Flash ដើម្បីបំពេញតាមតម្រូវការទីផ្សារ។

ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េបាននិយាយនៅក្នុងខែសីហាឆ្នាំមុនថា ខ្លួនរំពឹង​ថានឹងបោះទុន ៧ ពាន់លានដុល្លារ សម្រាប់រយ:ពេល ៣ ឆ្នាំបន្ទាប់ ដើម្បីពង្រីកផលិតកម្មបន្ទះឈីបមេម៉ូរី NAND នៅភាគពាយព្យនៃទីក្រុង Xi’an ប្រទេសចិន ប៉ុន្តែ មិនបានបញ្ជាក់កាលបរិច្ឆេទពិតប្រាកដទេ។

ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃទីផ្សារមជ្ឈមណ្ឌលទិន្នន័យ ដែលត្រូវការសមត្ថភាពមេម៉ូរីបន្ថែមដើម្បីចាត់ចែងចរាចរទិន្នន័យដែលកំពុងកើនឡើង ត្រូវគេរំពឹងទុកថា នឹងគាំទ្រកំណើន និងកម្រិតប្រាក់ចំណូលសម្រាប់អាជីវកម្ម NAND Flash របស់ Samsung ក្នុងឆ្នាំ ២០១៨។ នេះបើយោងតាមការថ្លែងឱ្យដឹងពីក្រុមហ៊ុនផ្តល់សេវាស្រាវជ្រាវ Trendforce ។

ប្រាក់ចំណូលរបស់ក្រុមហ៊ុន Samsung កើតចេញពីអាជីវកម្ម NAND Flash នៅត្រីមាសទី ៤ ឆ្នាំ ២០១៧ បានកើនឡើង ៩.៨% ធៀបនឹងត្រីមាសដដែលឆ្នាំមុន ដោយកើនដល់ ៦.១៧ ពាន់លានដុល្លារ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនម្នាក់បានឱ្យដឹងថា Samsung នឹងចាប់ផ្តើមដំណើរការចង្វាក់ផលិតកម្ម NAND Flash នៅអំឡុងចុងខែនេះ នាទីក្រុង Xi’an ប៉ុន្តែ មិនបានផ្តល់នូវព័ត៌មានលម្អិតអ្វីបន្ថែមទេ៕

ប្រភពព័ត៌មាន reuters

មតិយោបល់