ព័ត៌មានបច្ចេកវិទ្យា

អស់​បញ្ហារឿង Facebook ត្រូវគេ Hack ដោយគ្រាន់តែបើកមុខងារមួយនេះ!

ជារឿយៗ​ អ្នកប្រើប្រាស់បណ្តាញសង្គម​ Facebook មួយចំនួន បានត្រូវជនមិនស្គាល់មុខលួចចូលទៅកាន់កាប់គណនីរបស់ពួកគេដើម្បីយកទៅប្រើប្រាស់ក្នុងគោលបំណងអ្វីមួយ ដែលយើងពិបាកនឹងស្មានដឹង។ ហេតុដូច្នេះ ក្រុមហ៊ុន Facebook បានដាក់ចេញនូវមុខងារការពារសន្តិសុខសុវត្ថិភាពគណនីពីរគឺ Two-Factor Authentication និង Trusted Contacts ដើម្បីដោះស្រាយបញ្ហាខាងលើ។

ទោះយ៉ាងនេះក្តី អ្នកប្រើប្រាស់ភាគច្រើនបានមើលរំលងពីអត្ថប្រយោជន៍របស់វាដែលនាំឱ្យមានអ្នកខ្លះត្រូវបាត់បង់គណនី Facebook ដែលខ្លួនបានប្រើប្រាស់រាប់ឆ្នាំមកក៏មាន ដោយសារតែត្រូវគេលួចយកទៅប្រើប្រាស់ ហើយប្តូរលេខកូដ​សម្ងាត់មិនអាចឱ្យម្ចាស់ដើមចុះឈ្មោះចូលប្រើបាន។

ទាក់ទងនឹងបញ្ហានេះ ប្រសិនបើលោកអ្នកបារម្ភក្លាចមានគេ Hack ឬលួចកាន់កាប់គណនី Facebook របស់ខ្លួន ចង់មិនចង់គួរតែបើកមុខងារ Two-Factor Authentication ទៅ ព្រោះនៅពេលដែលវាត្រូវបានបើក រាល់ការចុះឈ្មោះទៅប្រើប្រាស់គណនី Facebook ម្តងៗ វានឹងទាមទារនូវការវាយបញ្ចូលលេខទូរសព្ទ ដើម្បីទទួលបានលេខកូដសម្ងាត់សម្រាប់ផ្ទៀងផ្ទាត់ឱ្យប្រាកដថា អ្នកចុះឈ្មោះនោះគឺពិត​ជាម្ចាស់គណនីប្រាកដមែន។

សម្រាប់វិធីបើកមុខងារសន្តិសុខនេះ គឺលោកអ្នកអាចអនុវត្តបានតាមជំហានខាងក្រោម៖

១- ចូលទៅកាន់ប៊ូតុងមឺនុយ (រូបត្រេ៣) នៅផ្ទាំងកម្មវិធីខាងក្រោម ជ្រុងខាងស្តាំ (សម្រាប់ទូរសព្ទ iPhone ឬ iPad) ឬនៅផ្ទាំងកម្មវិធីខាងលើ ជ្រុងខាងស្តាំ (សម្រាប់ទូរសព្ទ Android) រួចចុចលើ Account Settings  ២- សូមចុចលើ Security and Login ហើយចុចចូល Set up two-factor authentication (សម្រាប់ iPhone ឬ iPad) ឬចុចចូល Use two-factor authentication (សម្រាប់ Android) រួចចុចធីកលើ Two-factor authentication

៣- វាយបញ្ចូលលេខកូដសម្ងាត់គណនី Facebook របស់លោកអ្នក រួចចុច Continue ហើយចុចលើ Start Setup -> Continue

៤- មួយសន្ទុះក្រោយមក លោកអ្នកនឹងទទួលបានលេខកូដចំនួន ៦ ខ្ទង់មួយផ្ញើមកក្នុងកម្មវិធី Messages តាមរយ:លេខទូរសព្ទរបស់លោកអ្នកដែលបានប្រើនៅពេលចុះឈ្មោះ។ សូមវាយបញ្ចូលលេខកូដនោះ ហើយចុច Close ជាការស្រេច៕

ប្រភពព័ត៌មាន: igeekblogs

មតិយោបល់