ព័ត៌មានបច្ចេកវិទ្យា

របាយការណ៍ៈ Galaxy S9+ ចំណាយអស់ ៣៧៩ ដុល្លារ សម្រាប់ការផលិត

Samsung បានបើកបង្ហាញ Galaxy S9 និង S9+ កាលពីចុងខែកុម្ភ: ជាមួយតម្លៃលក់ចេញប្រមាណ ៨៤៩ ដុល្លារ និង ៩៤៩ ដុល្លារ ឡើងទៅ។ ខណ:ពេលស្មាតហ្វូនលំដាប់កំពូលស៊េរីថ្មីនេះ មិនទាន់ចេញលក់គ្រប់ទីផ្សារនៅតាមប្រទេសផ្សេងៗនៅឡើយផង របាយការណ៍ថ្មីមួយពី TechInsights បានវិភាគពីតម្លៃគ្រឿងផ្សំ និងការផលិតសម្រាប់ម៉ូឌែល Plus ដោយគុណគូរឃើញចំណាយអស់ ៣៧៩ ដុល្លារ ហើយវាថ្លៃខ្ពស់ជាងតម្លៃផលិត Note 8 ចំនួន ១០ ដុល្លារ។ ជាមួយតួលេខនេះ គេចាត់ទុកថា S9+ ចំណាយលុយក្នុងការផលិតខ្ពស់ជាងទូរសព្ទ Samsung ស៊េរីណាៗទាំងអស់។

បើប្រៀបធៀប Galaxy S9+, Note 8, S8+, iPhone 8 Plus, និង iPhone X គឺមានតែទូរសព្ទរបស់ក្រុមហ៊ុន Apple ប៉ុណ្ណោះ ដែលចំណាយថ្លៃផលិតខ្ពស់ជាងគេ ដែលសរុបអស់ ៣៨៩.៥០ ដុល្លារ ខ្ពស់ជាង Samsung ស៊េរីថ្មី ១០ ដុល្លារ៕

គួរបញ្ជាក់ថា​ តម្លៃសុរបនេះគឺគិតតែទៅលើគ្រឿងផ្សំប៉ុណ្ណោះ ពោលគឺ គេមិនរាប់បញ្ចូលការចំណាយទៅលើការស្រាវជ្រាវ និងអភិវឌ្ឍ ប្រតិបត្តិការទីផ្សារ វិភាគទាន និងពន្ធនោះទេ៕

ប្រភពព័ត៌មាន: techinsights

មតិយោបល់