ព័ត៌មានបច្ចេកវិទ្យា

HTC បញ្ចេញត្រកូល Desire ថ្មីពីរម៉ូឌែល បង្ហាញរចនាបទនៃពណ៌ដ៏ល្អវិចិត្រ

ទន្ទឹងរង់ចាំអស់ពេលប៉ុន្មានខែរួចមក នៅទីបំផុតក្រុមហ៊ុន HTC បានបញ្ចេញស្មាតហ្វូនលំដាប់ថាកណ្តាលរបស់ខ្លួនហើយ។ HTC Desire 12 ដ៏ថ្មីស្រឡាងនេះ គឺមានពីរជម្រើសម៉ូឌែល ហើយវាត្រូវបានផលិតឡើងដោយមិនផ្តោតសំខាន់ទៅលើសមត្ថភាពខាងក្នុងច្រើននោះទេ ប៉ុន្តែ ប្រណិត​ភាពនៃតួខ្លួន និងពណ៌សម្បកដែលក្រាលស្រោបដោយទឹកថ្នាំភ្លឺរលើបរលោងដូចកញ្ចក់។

ទាំង Desire 12 និង 12+ សុទ្ធតែប្រើកញ្ចក់អេក្រង់ប្រភេទ IPS LCD ខ្នាត ១៤៤០x៧២០ ភិចសែល ជាមួយមាត្រដ្ឋានរាងទ្រវែង 18:9 ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។ សម្រាប់ម៉ូឌែលធម្មតា គឺមានអេក្រង់ទំហំ ៥.៥ អីុញ ប្រើប្រាស់បន្ទះឈីប MediaTex MT6739 អមជាមួយ RAM ទំហំ ២/៣ ជីហ្គាបៃយ៍ និងមេម៉ូរីម៉ាស៊ីនទំហំ ១៦/៣២ ជីហ្គាបៃយ៍ ហើយអាចបន្ថែមមេម៉ូរីកាតខាងក្រៅបាន។ ចំណែកម៉ូឌែល Plus គឺមានអេក្រង់ទំហំ ៦ អីុញ ប្រើបន្ទះឈីប Snapdragon 450 អមដោយ RAM ទំហំ ៣ ជីហ្គាបៃយ៍ និងមេម៉ូរីម៉ាស៊ីន ៣២ ជីហ្គាបៃយ៍ ហើយអាចបន្ថែមមេម៉ូរីកាតខាងក្រៅបាន។

កាមេរ៉ាក្រោយរបស់ទូរសព្ទស៊េរីថ្មីទាំងពីរម៉ូឌែលសុទ្ធតែមានទំហំ ១៣ មេហ្គាភិចសែល និងមានសមត្ថភាពស្គេនផ្ទៃមុខដូចគ្នា ប៉ុន្តែ វាខុសគ្នាត្រង់ម៉ូឌែល Plus មានកាមេរ៉ាទំហំ ២ មេហ្គាភិចសែលបន្ថែមមួយទៀតប៉ុណ្ណោះ ហើយកាមេរ៉ាមុខរបស់ Desire 12 មានទំហំ ៥ មេហ្គាភិចសែល ឯ Desire 12+ មានទំហំ ៨ មេហ្គាភិចសែល។

ក្រៅពីនេះ ម៉ូឌែលអេក្រង់តូចប្រើថាមពលថ្មទំហំ ២,៧៣០ មីល្លីអំព៊ែរម៉ោង ហើយម៉ូឌែលអេក្រង់ធំប្រើ ២,៩៥៦ មីល្លីអំព៊ែរម៉ោង និងជាជម្រើសដែលមានបន្ទះស្គេនក្រយៅដៃនៅខាងក្រោយ។

HTC នៅតែបន្តប្រើប្រាស់សម្រស់ពណ៌ដើម្បីទាក់ទាញអតិថិជនដដែល ដោយទាំងពីរម៉ូឌែលមានបន្ថែមជម្រើសពណ៌មាសដ៏ស្រស់ឆើត បន្ថែមពីលើពណ៌ដ៏ប្រណិតៗមួយចំនួនផ្សេងទៀតផងដែរ។ សម្រាប់តម្លៃ និងថ្ងៃបរិច្ឆេទចែកចាយលើទីផ្សារ គេពុំទាន់ទទួលបានព័ត៌មានជាក់លាក់នៅឡើយ៕

ប្រភពព័ត៌មាន: 9to5google

មតិយោបល់